ដោយៈសុផល/ភ្នំពេញ៖ពិព័រណ៌វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ បដិសណ្ឋារកិច្ច និងសំណង់វិស្វកម្ម បានត្រូវបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង១ម៉ឺននាក់។
នេះជាពិព័រណ៌ B2B ធំជាងគេក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងវិស័យសំណង់ វិស្វកម្ម និងវិស័យម្ហូបអាហារបដិសណ្ឋារកិច្ចដែលប្រារព្ធឡើងតំណាលគ្នាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានរយៈពេលបីថ្ងៃ បើកចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ០៦រសៀល។
ក្នុងពិធីសម្ពោធជាផ្លូវការ មានការចូលរួមពី លោក គួច បញ្ញាសា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍, លោក ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាតំណាងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , និងលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។
ស្ថាប័នគាំទ្រសំខាន់ៗផ្សេងទៀតដែលមានវត្តមានក្នុងពិធីបើកកម្មវិធីរួមមាន គណៈស្ថាបត្យករកម្ពុជា, គណៈវិស្វករកម្ពុជា,សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, សមាគមសហគមន៍ចុងភៅកម្ពុជា, វិទ្យាស្ថាន Professional Institute of Excellence និងបវិទ្យាស្ថានម្ហូបអាហារកម្ពុជា។
សូមបញ្ជាក់ថា៖ពិព័រណ៍ CAMFOOD/CAMHOTEL’23 និង CAMBUILD’23 មានវត្តមានក្រុមហ៊ុន និងម៉ាកផលិតផលល្បីៗក្នុងស្រុក និងអន្តរជាតិចូលរួមសរុបជាង ៥០០ ដែលបានតាំងស្ដង់របស់ខ្លួននៅទីនេះ ។ពិព័រណ៌នេះមានការរំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង ១២,០០០នាក់ក្នុងរយៈពេលបីថ្ងៃ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ លោក Darren Siow មកពីគណៈកម្មាធិការរៀបចំការពិព័រណ៍ បានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំព្រឹត្តិការណ៍ធំទាំងពីរនេះស្របពេលជាមួយគ្នា ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ ។ ភ្ញៀវចូលរួមនឹងអាចស្វែងយល់ពីផលិតផល និងបច្ចេកវិទ្យាចុងក្រោយបំផុតពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិផងដែរ»។
បន្ថែមពីលើព្រឹត្តិការណ៍ធំៗចំនួនពីរ ពិព័រណ៌នេះក៏មានការតាំងបង្ហាញវិស័យពាក់ព័ន្ធផ្សេងៗទៀតរួមមាន CAMCAFE (ហាងកាហ្វេ និងបរិក្ខារបារ និងការផ្គត់ផ្គង់), CAMAUTO (គ្រឿងបន្លាស់រថយន្ត និងការផ្គត់ផ្គង់), CAMSOLAR (បច្ចេកវិទ្យាពន្លឺព្រះអាទិត្យ), CAMENERGY (អគ្គិសនី និងថាមពល), CAMWATER (ការផ្គត់ផ្គង់ផលិតផលទឹក) CAMSECURITY & FIRE (ភ្លើងនិងប្រព័ន្ធសុវត្ថិភាព) និង CAMHARDWARE (ផ្នែករឹង និងឧបករណ៍ផ្សេងៗ)។
បន្ថែមពីលើការតាំងពិព័រណ៌ CAMFOOD ក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជាដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យអាហារនិងភេសជ្ជៈ (F&B)និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់។លើសពីនេះទៅទៀតនឹងមានសិក្ខាសាលាចែករំលែកបច្ចេកទេសដោយមិនគិតថ្លៃ ទាក់ទងនឹងការច្នៃប្រឌិតថ្មីក្នុងសម្ភារសំណង់ អគ្គិសនី/មេកានិក ថាមពលព្រះអាទិត្យ និងប្រធានបទ HVAC ដែលនឹងប្រារព្ធឡើងរួមគ្នាជាមួយព្រឹត្តិការណ៍ CAMBUILD។
លោក ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាបានថ្លែងថា៖ពិព័រណ៏CAMBUILD២០២៣ជាពិព័រណ៏ខ្នាតអន្តរជាតិដ៏ ធំបំផុតរបស់កម្ពុជាស្តីពីវិស័យសំណង់ និងអគារ ។ CAMBUILD នៅតែបន្តជាព្រឹត្តិការណ៏សំខាន់សម្រាប់ស្ថាបត្យករ វិស្វករ អ្នកស្ទង់មតិ អ្នករៀបចំផែនការអ្នកគ្រប់គ្រងគម្រោង និងអ្នកជំនាញផ្សេងៗទៀតនៅក្នុង វិស័យឧស្សាហកម្មសំណង់ អគារ និង វិស័យស្ថាបត្យកម្ម ហើយវាជាសញ្ញាវិជ្ជមានក្នុងការមើលឃើញថានឹងមានក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលមានម៉ាកយីហោល្បីៗជាង ៣២០ដែលអញ្ជើញចូលរួមដាក់តាំងបង្ហាញផលិតផល សេវាកម្ម និងការច្នៃប្រឌិតចុងក្រោយបំផុតរបស់ពួកគេ នៅក្នុងកំឡុងពេលថ្ងៃនេះ។
លោកបានគូសបញ្ជាក់ថា៖ព្រឹត្តិការណ៏ដូចជា CAMBUILD 2023 Expo ដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បណ្តាញទំនាក់ទំនង និងកិច្ចសហការ ដែលអនុញ្ញាតឱ្យអ្នកជំនាញក្នុងវិស័យនេះចែករំលែកបទពិសោធន៏និងរៀនពីគ្នាទៅវិញទៅមក។អ្នកចូលរួមក៏នឹងមានឱកាសដើម្បីស្វែងយល់ពីវិស័យផ្សេងៗពីអគ្គីសនី និងថាមពលព្រះអាទិត្យ ជាមួយ ប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងទឹក។
លោក ហង្ស សុតសំភារ បានអំពាវនាវដល់ ស្ថាបត្យករ អ្នកអភិវឌ្ឍន៏អចលនទ្រព្យ អ្នកគ្រប់គ្រងគម្រោង អ្នករចនា អ្នកម៉ៅការ ទីប្រឹក្សាអគារ និងវិស្វករ សូមទាញយកអត្ថប្រយោជន៏ពីព្រឹត្តិការណ៏នៃការតាំងពិព័រណ៏វិស័យសំណង់ខ្នាតអន្តរជាតិ និងអញ្ជើញចូលរួមទស្សនាឱ្យបានច្រើន ក៏ដូចជាចូលរួមសិក្ខាសាលាជាច្រើនដែលមាននៅកន្លែងតាំងពិព័រណ៏ CAMBUILD ២០២៣នេះ។
ទាក់ទងនឹងពិព័រណ៍CAMFOODនិងCAMHOTEL លោក គួច បញ្ញាសា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តំណាងលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា៖វិស័យទេសចរណ៍កម្ពុជា មានអាត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២%ក្នុងមួយឆ្នាំៗ ក្នុងនោះឆ្នាំ២០១៩ ជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦លាន ៦០ម៉ឺននាក់ កើនឡើង ៦% និងទេសចរផ្ទៃក្នុងជាង ១១លាន ៣០ម៉ឺននាក់ កើនឡើង ២,៣%។ ប៉ុន្តែ វិបត្តិជំងឺកូវីដ-១៩ ដែលបានអូសបន្លាយតាំងពីចុងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បានជះផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេស វិស័យទេសចរណ៍កម្ពុជា ដោយបានធ្វើឱ្យអាជីវកម្មទេសចរណ៍រាប់ពាន់ទីតាំងបានបិទ និងបុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារ។ ក្នុងកាលៈទេសៈប្រឈម នឹងវិបត្តិនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានតម្កល់ “ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពប្រជាជន តាមរយៈការខិតខំតស៊ូខ្នះខ្នែងជម្នះគ្រប់ឧបសគ្គដើម្បីលើកស្ទួយវឌ្ឍនភាព សេដ្ឋកិច្ច-សង្គម និងបន្តជំរុញអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រកប ដោយប្រសិទ្ធភាព ជាពិសេសតាមរយៈ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈរលើគោលការណ៍“វ៉ាក់សាំង កាតព្វកិច្ច” និងយុទ្ធសាស្ត្រ “ផ្ការីក” សំដៅបង្កើតភាព ស៊ាំសហគមន៍នៅទូទាំងប្រទេស។
គួរជាទីមោទន សម្រាប់ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាន ២៨ម៉ឺននាក់ កើនឡើងប្រមាណ ១០៥៩ % និងភ្ញៀវទេសចរ ជាតិសរុបប្រមាណ ១៣លាន ៩៣ម៉ឺននាក់ កើនឡើងក្នុងអាត្រា ១៩៩% បើធៀបនឹងឆ្នាំ២០២១។ យ៉ាងណា មិញ សម្រាប់៨ខែ ឆ្នាំ២០២៣ តាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣.៤លាននាក់ កើនឡើងជាង ១៨០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ រីឯ ជើងហោះហើរមានចំនួន ៣៣ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។
រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ក្រោមបាវចនា “កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព” និងអាទិភាពគន្លឹះ៥ មានមនុស្ស, ផ្លូវ, ភ្លើង, ទឹក,និងបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះបញ្ចកោណទី២, ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង បានបញ្ជាក់អំពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុច “ទី៥-ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត, ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ចតាមរយៈការលើកកម្ពស់ការអនុវត្ត,ក៏ដូចជាការរៀបចំនិងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នានា”។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានដាក់ចេញបេសកកម្ម “កសាងបរិស្ថានដែលមានលក្ខណៈអំណោយផលដល់កម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ ភាពរស់រវើក ការប្រកួតប្រជែង (Competitiveness), ចីរភាព (Sustainability), និងបរិយាបន្ន (Inclusiveness)” ឈានទៅសម្រេចចក្ខុវិស័យ“ដើម្បីចូលរួមចំណែកលើកកម្ពស់កិត្យានុភាពនិងភាពធន់នៃកម្ពុជាតាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខមួយប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាពនិងភាពកក់ក្ដៅ ”។ដើម្បីសម្រេចបានបេសកកម្ម និងចក្ខុវិស័យបានលើកឡើងនេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញអនុវត្តនូវ “បង្កើន ៥ – 5BUILD, អភិវឌ្ឍ៣ – 3DS” ដែលជាចំណុចស្នូលនៃរចនាសម្ព័ន្ធយុទ្ធសាស្ត្រទាំងមូល ៕Ph