ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថាសម្តេចកំពុង តាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មីទាំងការងារក្នុងប្រទេសនិងការងារក្រៅប្រទេស ។សម្តេចតេជោបានថ្លែងសរសើរសម្តេចធិបតីថា«នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត»។

នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី ១៤ ខែកញ្ញា នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ខ្ញុំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេសនិងការងារក្រៅប្រទេស ។ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រីអស់ រយៈពេលជាង ៣៨ ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត» ។

សម្តេចតេជោបន្តថា«មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើបនាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេសនិងឈានទៅសម្រេចបាននូវកិច្ចការ បរទេសតាមរយៈវេទិកាអាស៊ាននិងដៃគូនិងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និ បាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ» ។

សម្តេចតេជោបន្តថា«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ» ៕