ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការនិងសម្របសម្រួលបន្តជាមួយក្រុមហ៊ុន CRBC និង លើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។

លើកទឹកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែ កញ្ញា ២០២៣ ខណៈបានអនុញ្ញាតឪ្យ លោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC)ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនៅទីក្រុងប៉េកាំប្រទេសចិន ។

នៅក្នុងជំនួបនោះសម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក វ៉ាង តុងជូ និង គណៈប្រតិភូក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុម ហ៊ុន China Communications Construction Company Limited ដែលបាននិងកំពុងវិនិយោគលើគម្រោងសាងសង់ ផ្លូវ ស្ពាន និង ហេដ្ឋារចនាសម្ព័ន្ធនៅ កម្ពុជា ។ សម្តេចធិបតីក៏បានអបអរសាទរចំពោះសមិទ្ធផលនានាដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមកនិងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់និងការ ពិនិត្យលទ្ធភាពលើវិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា ។

លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីគម្រោងវិនិយោគផ្លូវថ្នល់ដែលកំពុងដំណើរការនៅកម្ពុជាក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សានិងវាយ តម្លៃព្រមទាំងគោរពស្នើសុំកិច្ចសហការនិងការជួយសម្របសម្រួលបន្ថែមទៀតពីភាគីរាជរដ្ឋាភិបាលកម្ពុជា ។

ជាកិច្ចឆ្លើយតបសម្តេចធិបតីបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើក កម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាតាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក ។ ចំពោះគម្រោងដែលកំពុងធ្វើការសិក្សានិងវាយតម្លៃ,សម្តេចធិបតីបានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿន កិច្ចការទាំងនេះដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត ។ សម្តេចធិបតីក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់នូវកិច្ច សហការនិងសម្របសម្រួលដើម្បីធានាឱ្យបាននូវនិរន្តភាពការងារសំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ។

ជាចុងក្រោយសម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRBCដែលបានចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជាតាមរយៈការសម្រេចបាននូវគម្រោងវិនិយោគ ផ្លូវថ្នល់នានាជាពិសេសផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ។សម្តេចធិបតីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំផ្ទាល់របស់សម្តេចបានត្រៀមលក្ខណៈរួចជាស្រេចក្នុង ការសហការនិងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុននិងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនCRBCបន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា ៕