ដោយៈ រឹម ស្រីស្រស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ/តាកែវ៖ស៊ុន ស្រីពេជ្រ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចប់មុនគេក្នុងចំណោមមិត្តរួមថ្នាក់ទាំងអស់ ដែលចូលរួមនៅក្នុងកម្មវិធីចែកសៀវភៅនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យ ក្រាំងស្លា។

ស្រីពេជ្រ ត្រូវបានណែនាំឱ្យអាននៅផ្នែកទី២ នៃដំណើរយាងមកកាន់ប្រទេសកម្ពុជារបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោយចាប់ផ្តើមអានពីទំព័រទី៣៤ និងបញ្ចប់នៅទំព័រទី៣៩។ នេះគឺជាកំណត់ហេតុថ្ងៃទី៩ នៃការយាងមកកាន់ប្រទេសកម្ពុជា និងជាថ្ងៃទី១ នៃការយាងមកដល់មាតុប្រទេសរបស់ព្រះអង្គទាំងទ្វេ។

សំណេរនៅក្នុងកំណត់ហេតុថ្ងៃទី៩នេះ បានរៀបរាប់អំពី សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពី ហូ នឹម គឺជារដ្ឋមន្ដ្រីក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា និង សុន សេន គឺជាប្រធាន​អគ្គសេនាធិការនៃកងទ័ពរំដោះ។

ទួន ច័ន្ទទិត្យ គឺជាសិស្សថ្នាក់ទី១២ ម្នាក់ទៀត បានអានបន្តពី ស្រីពេជ្រ ចាប់ពីទំព័រទី៤១ដល់ទំព័រ៤៤។ ទំព័រនេះ បង្ហាញអំពីដំណើរជា​ប្រវត្តិសាស្ត្រក្នុងថ្ងៃទី២ ដល់ ទី៤ របស់សម្តេចទាំងទ្វេនៅក្នុងទឹកដីប្រទេសកម្ពុជា ជាថ្ងៃដែលព្រះអង្គត្រូវបានទទួលស្វាគមន៍ដោយ ខៀវ សំផន និង សាឡុត ស នៅក្នុងព្រៃ។ នៅក្នុងសេចក្តីកំណត់ហេតុ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានរៀបរាប់អំពីការ​បន្តទម្លាក់គ្រាប់បែកពីលើអាកាសដោយពួកសត្រូវ មកលើទីតាំងមួយចំនួននៃទឹកដីប្រទេសកម្ពុជា។

សន សុគន្ធា បានអានបន្តពី ច័ន្ទ ទិត្យ ពីទំព័រទី៤៧ដល់ទំព័រទី៥២។ ទំព័រនេះ រៀបរាប់ពីការព្រួយបារម្ភចំពោះយន្តហោះសត្រូវ ដែលតែង​តែហោះឆ្វែលចុះឡើងនៅពីលើអាកាសក្បែរព្រះរាជសំណាក់បណ្តោះអាសន្នរបស់ព្រះអង្គ។ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់បានឈ្វេងយល់ថា យន្តហោះសត្រូវទាំងនោះពិតជាបានដឹងពីព្រះរាជដំណើរយាងមកប្រទេសកម្ពុជារបស់ព្រះអង្គហើយ ទើបបានជាហោះពីលើអាកាសមិនដាច់សោះ។ សមាជិកកម្មាភិបាលខ្មែរក្រហម បានទូលសម្តេចថា ទីកន្លែងដែលសម្តេចកំពុងស្នាក់នៅនេះ គឺពុំដែលមានយន្តហោះហោះកាត់ទេ។ ប៉ុន្តែពេលនេះ ហាក់ដូចជាចម្លែកណាស់។ ទីបំផុត សម្តេចទាំងទ្វេ ត្រូវបានចាកចេញពីទីកន្លែង​នេះឆ្ពោះទៅកាន់តំបន់ផ្សេងទៀតដោយសុវត្ថិភាព។

កឹម សុភី បានអានបន្តពី សុគន្ធា ត្រង់ទំព័រទី៥៣ ហើយបានបញ្ចប់ការអាននៅត្រឹមទំព័រទី៥៦។ ទំព័រដែល សុភី បានអានបង្ហាញពីដំណើរ​របស់សម្តេចព្រះ នរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងមកដល់ទឹកដីខេត្តព្រះវិហារ និងបានបន្តទៅកាន់ខេត្ត​សៀមរាប។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ ព្រះអង្គទាំងទ្វេជួបប្រទះការលំបាកជាច្រើន ដោយសារការគេចចេញពីការទម្លាក់​គ្រាប់បែកពី​កម្លាំង​សត្រូវ។ នៅតាមផ្លូវ ព្រះអង្គត្រូវបានទទួលស្វាគមន៍ពី ហ៊ូ យន់ និង នួន ជា។

បន្ទាប់ពីអានចប់សិស្សានុសិស្សទំាងអស់ដល់ម៉ោងសម្រាកដោយបាននាំយកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីទុកអាននៅផ្ទះបន្តទៀត។

សូមរំឭកថា វេទិកាអំណានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ នេះបានធ្វើឡើងនៅក្នុងកម្មវិធីចែកសៀវភៅមួយ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៅក្នុងបរិវេណវិទ្យាល័យ ក្រាំងស្លា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានសិស្សានុសិស្សចំនួន១១៥នាក់ ក្នុងនោះស្រី៤០នាក់ បានចូលរួមនៅក្នុងកម្មវិធីនេះ ហើយសៀវភៅចំនួន១១៥ក្បាល ក៏ត្រូវបានចែកជូនដល់សិស្សានុសិស្សទាំងនោះដែរ។ កម្មវិធីនេះ មានការចូលរួមពីនាយក នាយករង និងគ្រូបង្រៀននៃវិទ្យាល័យ ក្រាំងស្លា ហើយបានបញ្ចប់នៅម៉ោង១១ព្រឹក។

បន្ទាប់ពីបានទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សិស្សបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
ខ្ញុំឈ្មោះ ម៉ិល សុខា ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រាំងស្លា។ ខ្ញុំមានអារម្មណ៍រីករាយ ដែលបានអាន​សៀវភៅ​ដែលសរសេរចងក្រងដោយសម្តេចយាយជាលើកដំបូង។ ខ្ញុំចង់ដឹងបន្ថែមទៀតពីប្រវត្តិសាស្ត្រខ្មែរ។ ខ្ញុំបានដឹងអំពីការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងការបង្កើតរណសិរ្សរួមរួមជាតិ ព្រោះព្រះអង្គចង់បង្រួបបង្រួមជាតិ​ឡើងវិញ។ ជាចុងក្រោយខ្ញុំសូមថ្វាយព្រះ ពរដល់សម្ដេចយាយឲ្យមានព្រះជន្មរាប់រយព្រះវស្សា នៅគង់ជាម្លប់ដ៏ត្រជាក់ដល់កូន​ចៅជំនាន់​ក្រោយ។

ខ្ញុំឈ្មោះ ណោ ស្រីពេជ ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រាំងស្លា។ ខ្ញុំមានអារម្មណ៍រំភើបដែលទទួលសៀវ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទើបបោះពុម្ព។ សៀវភៅនេះបានបង្ហាញឲ្យឃើញច្បាស់ពីការយាងត្រឡប់មកវិញរបស់សម្ដេចយាយ និងសម្ដេចតាមកកាន់ប្រទេសកម្ពុជា បន្ទាប់ពី​បានចាកចេញពីប្រទេសកម្ពុជារយៈពេលជាងបីឆ្នាំ។ ខ្ញុំចង់ឱ្យ​សិស្សានុសិស្សទាំងអស់យល់ដឹងពីប្រវត្តិសាស្ត្រឱ្យបានច្រើន​ជាពិសេស​អានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះឲ្យបានចប់។ ខ្ញុំបានដឹងអំពីការធ្វើរដ្ឋប្រហាររបស់ លន់ នល់ និងមានការទម្លាក់គ្រាប់បែកជាច្រើន​ដែលធ្វើឲ្យបាត់បងជីវិតមនុស្ស។ បន្ទាប់មក សម្ដេចព្រះ នរោត្ដម សីហនុ បានបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ដើម្បីរំដោះកម្ពុជាចេញពីរបប លន់ នល់។ ជាចុងក្រោយ ខ្ញុំសូមថ្វាយព្រះពរឱ្យសម្ដេចយាយមានព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីជាម្លប់ដល់កូនចៅជំនាន់ក្រោយ៕សរន


សិស្សានុសិស្សនៃវិទ្យាល័យ ក្រាំងស្លាស្រុកព្រៃកប្បាស ខេត្តតាកែវ អានពីព្រឹត្តិការណ៍ នៃការយាងមកដល់ប្រទេសកម្ពុជា របស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅខែមីនា ឆ្នាំ១៩៧៣។
(រូបថតៈបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)