ដោយៈ បាយ័ន / សៀមរាបៈ លោក យូ ធារិទ្ឋ ចៅក្រម ស៊ើបសួរ​នៃសាលាដំបូងខេត្ត សៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចឱ្យឃុំខ្លួនបុគ្គលិកអង្គការម្នាក់ ដាក់ពន្ធនាគារ បណ្ដោះអាសន្ន បន្ទាប់ពីបុរសនោះ បានបើកឡានទៅបុកម៉ូតូ បណ្តាលម្តាយ និងកូនតូចម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ជនសង្ស័យ មានឈ្មោះ អ៊ូ សុផាន់ណារ៉ុង ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ ជាបុគ្គលិក អង្គការមួយ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមរម្លឹកថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើងនៅវេលាម៉ោង ៤និង១០នាទី រសៀល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចខាងកើតមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសៀមរាប ចម្ងាយ ៣០ ម៉ែត្រ ក្នុងភូមិអញ្ជាញ សង្គាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថាៈ ករណីគ្រោះថ្នាក់ ចរាចរណ៍ ខាងលើ រវាងម៉ូតូ និង រថយន្ត​ដែលមានរថយន្តមួយគ្រឿង ម៉ាក Toyota Lexus 470 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2H-3866   បើកបរដោយឈ្មោះ អ៊ូ សុផាន់ណារ៉ុង ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ ជាបុគ្គលិកអង្កការ ដែលរស់នៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយបើកបរពីទិសដៅខាង កើតទៅខាងលិច ក្នុងស្ថានភាពស្រវឹងជោកជាំ។
មកដល់កន្លែងកើតហេតុ រថយនបង្ក បានបុកម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AG. 7894  អ្នកបើកបរម៉ូតូ ឈ្មោះ ចិត្រ សោភា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយទិស ដៅពីខាងលិចទៅខាងកើត ហើយជនរងគ្រោះ បានដឹកកូនស្រី ម្នាក់ ឈ្មោះ រ៉ា សុជាតា អាយុ១ឆ្នាំ ២ខែ ។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យអ្នកបេីកបរម៉ូតូ 1AG-7894 សៀមរាប ទាំងម្តាយ និងកូន បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលជំនាញ បានចុះ វាស់វែង រួចនាំយក វត្ថុតាង ម៉ូតូ និងរថយន្ត មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប៕ V / N