ដោយ ៖ រឹម ស្រីស្រស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ/តាកែវ៖នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌល​ឯកសារខេត្តតាកែវ ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្សចំនួន១១៣នាក់ ក្នុងនោះមានស្រី៧៤នាក់ នៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការជាមួយលោកនាយកនៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា។

ជាកិច្ចចាប់ផ្ដើម លោកនាយកវិទ្យាល័យ ហេង សំរិន ព្រៃល្វា បានលើកទឹកចិត្ត ក៏ដូចជាបំផុសសិស្សានុសិស្សទាំងអស់ឱ្យសួរសំណួរឱ្យ​បានច្រើនដើម្បីទទួលបានចំណេះដឹងសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ។

បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានធ្វើបទបង្ហាញខ្លីអំពី ៖ ១) ព្រឹត្តិការណ៍រដ្ឋប្រហារជា​ប្រវត្តិសាស្ត្រ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ២) ការបង្កើតរណសិរ្សរួបរួមជាតិកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ និងការអំពាវនាវ​របស់សម្តេចព្រះ នរោត្តម សីហនុ ឲ្យប្រជាជនដែលនៅគោរពស្រឡាញ់ព្រះអង្គ ចូលព្រៃម៉ាគី ដើម្បីរួមកម្លាំងរំដោះប្រទេសចេញពីការ​គ្រប់គ្រងរបស់ លន់ នល់ ៣) មូលហេតុនៃការយាងមកកាន់ប្រទេសកម្ពុជានៅខែមីនា ឆ្នាំ១៩៧៣ របស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចម៉ែ ៤) មូលហេតុនៃការរារាំងរបស់ក្រុមខ្មែរក្រហមចំពោះការយាងមករបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចម៉ែ ៥) ការយល់ឃើញរបស់សម្តេចព្រះ នរោត្តម សីហនុ ចំពោះការព្យាយាមរារាំងព្រះអង្គមកកាន់ប្រទេសកម្ពុជា ៦) ភាពមិនជាប់ទាក់ទងគ្នារវាង​សម្តេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហមក្នុងការគ្រប់គ្រងប្រទេសកម្ពុជាចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។

តមក ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្ស និងបានផ្តល់ពេលវេលា១៥នាទីដល់អ្នកចូលរួមដើម្បីអានសៀវភៅនេះ។ ខណៈនោះ លោកនាយកវិទ្យាល័យ ហេង សំរិន ព្រៃល្វា បានផ្តល់ដល់សិស្សានុសិស្សបួននាក់ នូវឱកាសស្ម័គ្រចិត្តអានសៀវភៅនេះឱ្យឮៗ ដើម្បីឱ្យ​អ្នកចូលរួមទាំងអស់បានស្តាប់។ ពេលកំពុងអាន អ្នកឯទៀតក៏អានដែរ ប៉ុន្តែអានដោយស្ងៀមស្ងាត់នៅនឹងកន្លែងរៀងខ្លួន។

ជាចុងក្រោយ សិស្សានុសិស្សពីរនាក់ តំណាងឲ្យអ្នកចូលរួមទាំងអស់ ឡើងថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ​ខេត្តតាកែវ​ដែលបានចែកចាយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នៅថ្ងៃនេះ និងបានសម្តែងអារម្មណ៍សប្បាយរីករាយនៅពេលទទួលបានសៀវភៅនេះ។ អ្នកទាំងពីរក៏បានថ្វាយព្រះពរដល់ហ្លួងម៉ែ ឲ្យមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដល់កូនចៅ និងចៅទួតទាំងអស់គ្នា។

សិស្សានុសិស្សបីនាក់ ត្រូវបានជ្រើសរើសចេញពីអ្នកចូលរួមទាំង១០៣នាក់ ដើម្បីសាកសួរសំណួរមួយចំនួនទាក់ទងនឹងចំណេះដឹ​ងពី​ប្រវត្តិសាស្ត្រ​ប្រទេសកម្ពុជា ក្រោយថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ សិស្សម្នាក់ក្នុងចំណោមបីនាក់ បានដឹងព្រឹត្តិការណ៍ធំៗចំនួនពីរគឺ ១) បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ការបែងចែកតំបន់គ្រប់គ្រង ការប្រព្រឹត្តអំពើពុករលួយ និងទុក្ខលំបាករបស់ប្រជាជនកាន់តែកើនឡើង និង ២) ប្រជាជននាំគ្នារត់ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់​សម្តេច ព្រះ នរោត្តម សីហនុ។

ចំណែកសិស្សម្នាក់ទៀត បានដឹងហេតុការណ៍ពីចំណុចទៀតគឺ ១) ការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ដើម្បីដណ្តើម​អំណាច​​គ្រប់គ្រង និង ២) ទោះបីជាមានប្រជាជនច្រើននាក់បានចូលរួមនៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជាយ៉ាងណាក៏ដោយ ក៏នៅមាន​មនុស្ស​មួយចំនួនបានក្លាយជាកម្លាំងបង្កប់របស់របប លន់ នល់ ដែរ។ ចំណែកឯសិស្សម្នាក់ទៀត បានឲ្យដឹងថា បន្ទាប់ពីសម្តេចព្រះ នរោត្តម សីហនុ ត្រូវ លន់ នល់ ធ្វើរដ្ឋប្រហាររួចមក ប្រទេសកម្ពុជាបានទទួលរងការទម្លាក់គ្រាប់បែកជាច្រើននៅក្នុងទូទាំងប្រទេស។

ខាងក្រោម គឺជាលើកឡើងរបស់សិស្សានុសិស្សបន្ទាប់ពីអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៖

ខ្ញុំឈ្មោះ ស្រៀង លាងហៃ ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា។ ខ្ញុំបានដឹងអំពីការធ្វើ​រដ្ឋប្រហារ​​ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលមានហេតុការណ៍កើតឡើង ដូចជា មានសង្រ្គាម មាន​អំពើពុករលួយបក្ខពួកនិយមពេញផ្ទៃប្រទេស។ នៅពេលនោះប្រជាជនបានរត់ចូលព្រៃម៉ាគី ដើម្បីរួមកម្លាំងប្រឆាំងនឹងរបប​សាធារណរដ្ឋ។

ខ្ញុំឈ្មោះ សែត សុគន្ធនីសា ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា។ ខ្ញុំបានដឹងថាមានរដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ដោយសារការគ្រប់គ្រងគោលនយោបាយ ហើយក្រុមខ្មែរក្រហមចង់ចូលកាន់កាប់ប្រទេសទាំងមូល។ បន្ទាប់មកសម្ដេចព្រះ នរោត្តម សីហនុ ចង់បង្រួបបង្រួមជាតិខ្មែរ។ ចំណែកប្រជាជនដែលរត់ចូលព្រៃម៉ាគីដោយសារតែសម្ដេចព្រះ នរោត្តម សីហនុ ចង់ឲ្យប្រជាជនរួមគ្នាបង្កើនកម្លាំងជាមួយអ្នកដែលមានភក្តីភាព និងស្មោះត្រង់ជាមួយព្រះអង្គ។

អំឡុងពេលដែលប្រជាជនរត់ចូលព្រៃម៉ាគី ក៏មានជនកង្កប់ដែលជាបក្ខពួកខ្មែរក្រហម និងជនជាតិវៀតណាម ដែលធ្វើឱ្យប្រជាជនខ្មែរមាន​គ្រោះថ្នាក់ ឬបាត់បង់អាយុជីវិត។ ខ្ញុំសប្បាយរីករាយដែលបានយល់ដឹងពីប្រវត្តិសាស្ត្រដែលមានប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ។

ខ្ញុំឈ្មោះ ម៉ុត ស្រីសុខសាន្ដ ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា។ ខ្ញុំបានដឹងពីព្រះរាជដំណើររបស់​ព្រះបាទ នរោត្ដម សីហនុ យាងទៅប្រទេសក្រុងប៉េកាំង ប្រទេសចិន។ បន្ទាប់មក មានការទម្លាក់គ្រប់បែកនៅប្រទេសខ្មែរ ហើយប្រជាជន​បានរត់ចូលព្រៃម៉ាគីដើម្បីកសាងកម្លាំង។ ខ្ញុំមានអារម្មណ៍រីករាយនៅពេលទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ព្រោះវាជាប្រវត្តិសាស្ត្រ​របស់ខ្មែរ ហើយបានផ្តល់ចំណេះដឹងដល់ខ្ញុំសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខ៕សរន

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សានុសិស្សចំនួន១១៣នាក់ ក្នុងនោះមានស្រី៧៤នាក់ នៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ(រូបថត៖បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)