​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Sotheby’s បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាវ​រងា​ពណ៌​ក្រហម​ដ៏​ល្បី ដែល​គ្រង​ដោយ​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា​ភ្លាមៗ​បន្ទាប់​ពី​ការ​ភ្ជាប់ពាក្យ​ជាមួយ​ព្រះអង្គម្ចាស់​ឆា​ល ដែល​មាន​ហ្វូង​ចៀម​តូចៗ​ជា​ជួរៗ ត្រូវបាន​ដាក់​លក់​ដេញថ្លៃ​ក្នុងតម្លៃ ១,១ លាន​ដុល្លារ​បន្ទាប់​ពី​ការដេញថ្លៃ​ចុងក្រោយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​ម្ចាស់​ក្សត្រិយ៍​ព្រះជន្ម ១៩ ឆ្នាំ​អង្គ​នេះ​បាន​គ្រង​សម្លៀកបំពាក់​ប៉ាក់ ដែល​រួម​រូប​ចៀម​ខ្មៅ​មួយ​ក្បាល​ក្នុងចំណោម​ហ្វូង​ចៀម​ពណ៌​ស​រាប់សិប​ក្បាល នៅក្នុង​ការប្រកួត​កីឡា​ប្រណាំងសេះ​កាលពី​ខែមិថុនា ឆ្នាំ ១៩៨១ ក្នុង​អំឡុង​ថ្ងៃ​ដំបូងៗ​ដ៏​វិលវល់​របស់​ទ្រង់​ក្នុងនាម​ជា​ញាតិវង្ស​អៀនប្រៀន​មួយអង្គ​។​

​អាវយឺត Black Sheep ដែល​មាន​ទ្រង់ទ្រាយ​បែប​សប្បាយៗ​នេះ បាន​ក្លាយជា​សម្លៀកបំពាក់​ដ៏​ពេញនិយម​បំផុត​មួយ ដែល​គ្រង​ដោយ​ដាយ​អាណា ដែល​មើលទៅ​ហាក់ដូចជា​ប្រាប់​ពី​ប្រផ្នូល​ដ៏​លំបាក​របស់​ទ្រង់​ក្នុងនាម​ជា​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស​។​

​សម្លៀក​បំពាក់​នេះ​លក់បាន ១,១ លាន​ដុល្លារ ដែល​រួម​បញ្ចូល​ថ្លៃ​សេវា​និង​កម្រៃជើងសារ បន្ទាប់ពី​មាន​ការ​ប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អ្នកដេញថ្លៃ​តាម​អ៊ីនធឺណិត​។​

​ថ្លៃ​លក់បាន​នេះ​គឺ​ច្រើន​ជាង​ការប៉ាន់ស្មាន​ដំបូង​របស់​ក្រុមហ៊ុន Sotheby ដែល​មាន​ចន្លោះ​ពី ៥០.០០០ ទៅ ៨០.០០០ ដុល្លារ​។​

​ដោយសារ​តែ​ការដេញថ្លៃ​បន្ត​ក្តៅគគុក ក្រុមហ៊ុន​ដេញថ្លៃ​បាន​ពង្រីក​ការលក់​ប៉ុន្មាន​នាទី​បន្ថែម ដោយ​តម្លៃ​បាន​ហក់​ឡើង​ពី ១៩០.០០០ ដុល្លារ​ដល់ ១,១ លាន​ដុល្លារ​ក្នុង​រយៈពេល ១៥ នាទីចុងក្រោយ​។​

​យោង​តាម​ក្រុមហ៊ុន Sotheby’s វា​គឺជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​ការដាក់​ដេញថ្លៃ​សម្រាប់​សម្លៀកបំពាក់​ដែល​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា ដោយ​វ៉ា​ដាច់​រ៉ូប Infanta របស់​ទ្រង់ ដែល​បាន​លក់​កាលពី​ខែ​មករា​ក្នុងតម្លៃ ៦០៤.៨០០ ដុល្លារ ក៏ដូចជា​ក្នុងនាម​ជា​អាវ​រងា​ដ៏​មាន​តម្លៃ​បំផុត​ដែល​មិន​ធ្លាប់​លក់​នៅឯ​ការដេញថ្លៃ​៕

​អាវ​រងា Black Sheep​លក់បាន ១,១ លាន​ដុល្លារ