ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ របាយការណ៍របស់អង្គការណាសាអំពីវត្ថុហោះមិនស្គាល់អត្តសញ្ញាណ (UFO) មិនបានរកឃើញភស្តុតាងថា វត្ថុទាំងនោះមានប្រភពដើមពីក្រៅភពនោះទេ។
ទោះយ៉ាងណាក៏ដោយ ដោយចេញផ្សាយការរកឃើញកាលពីថ្ងៃព្រហស្បតិ៍ អ្នកគ្រប់គ្រងរបស់ទីភ្នាក់ងារនេះ លោក ប៊ីល នែលសុន (Bill Nelson) បានសារភាពថាគេនៅតែមិនដឹងថាតើការប្រទះឃើញដែលមិនអាចពន្យល់បាននោះជាអ្វីនោះទេ។
លោកបានបន្ថែមថា បច្ចេកទេសវិទ្យាសាស្ត្រថ្មីនិងបញ្ញាសិប្បនិម្មិត (AI) គឺត្រូវការចាំបាច់ដើម្បីស្វែងយល់កាន់តែច្បាស់ថាតើបាតុភូតមិនប្រក្រតីមិនស្គាល់អត្តសញ្ញាណ (UAP) ជាអ្វី។
លោកនែលសុនបាននិយាយថា ទីភ្នាក់ងារលោកចង់ “ផ្លាស់ប្តូរការនិយាយអំពី UAP ពីការគិតស្រមើលស្រមៃទៅវិទ្យាសាស្ត្រ” និងដោះស្រាយគំនិតអវិជ្ជមានមួយចំនួនជុំវិញ UFO ។
យោងតាមរបាយការណ៍ដែលផលិតដោយក្រុមឯករាជ្យមួយដែលចាត់តាំងដោយណាសា “ការយល់ឃើញអវិជ្ជមានជុំវិញការរាយការណ៍អំពី UAP បង្កឱ្យមានឧបសគ្គដល់ការប្រមូលទិន្នន័យអំពីបាតុភូតទាំងនេះ”។
លោកនែលសុនបាននិយាយថា “ក្រុមសិក្សាឯករាជ្យរបស់ណាសាមិនបានរកឃើញភស្តុតាងណាថា UAP មានប្រភពដើមពីក្រៅភពនោះទេ។ប៉ុន្តែយើងមិនដឹងថាពួកវាជាអ្វីនោះដែរ ហេតុនោះហើយបានជាខ្ញុំប្រកាសថា ណាសាបានតែងតាំងនាយកស្រាវជ្រាវ UAP របស់ណាសា”។
“ពួកគេត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតនិងត្រួតពិនិត្យការអនុវត្តចក្ខុវិស័យរបស់ណាសាសម្រាប់ការស្រាវជ្រាវ UAP”៕
ណាសាថាពុំបានរកឃើញភស្តុតាងណាបញ្ជាក់ប្រភព UFO ទេ