​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ដឹ​ណេ​សិន​)៖ ភិ​តា លីម​ចារឺ​នរ៉ា​ត បាន​លាឈប់​ពី​ប្រធាន​គណបក្ស​កាវ​ក្លៃ ឬ​ឈាន​ទៅ​មុខ​(MFP)​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​កញ្ញា​នៅពេល​ជាង​បួន​ខែ​ក្រោយ​គណបក្ស​របស់​លោក​បាន​ឈ្នះ​ការបោះឆ្នោត​សកល​ដ៏​ភ្ញាក់ផ្អើល តែ​មិន​អាច​រក​សម្លេង​គាំទ្រ​បាន​គ្រប់គ្រាន់​ពី​សមាជិក​សភា​និង​ព្រឹទ្ធសភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថៃ​ថ្មី​មួយ​។​

​ក្រោយ​ដៃ​គូ​ធំ​បំផុត​លំដាប់​ទី​ពីរ​ក្នុង​សម្ពន្ធភាព​ក្រោយ​ការបោះឆ្នោត គឺ​បក្ស​ភឿ​ថៃ​បោះបង់​ចោលខ្លួន​ហើយ​ងាក​មក​ចាប់​ដៃ​ជាមួយ​បណ្តា​គណបក្ស​ដែល​មាន​ទំនាក់ទំនង​យោធា​ដើម្បី​បង្កើត​រដ្ឋាភិបាលចំរុះ​មួយ MFP​ឥឡូវ​ក្លាយ​ជា​បក្សប្រឆាំង​ធំជាងគេ ហើយ​នៅតែ​ជា​ក្រុម​នយោបាយ​មាន​ឥទ្ធិពល ដោយសារ​មាន​សម្លេង​ភាគច្រើន​ក្នុង​សភា​​និង​អ្នក​គាំ​ទ្រ​ច្រើន​នៅ​ក្រុង​បាងកក​និង​បណ្តា​ទីក្រុង​។​

​ភិ​តា អាយុ​៤៣​ឆ្នាំ ដែល​ទទួល​ការសិក្សា​នៅ​សកល​វិទ្យាល័យ​ហា​វឺ​ដ ត្រូវ​សភា​បដិសេធ​ការប៉ុនប៉ង​របស់លោក​ពីរដង សំរាប់​មុខតំណែង​នាយករដ្ឋមន្ត្រី ដោយសារ​តែ​ពួក​ព្រឹទ្ធសភា​ដែល​តែងតាំងឡើង​ដោយ​យោធា រួម​គ្នា​រារាំង​មិន​អោយ​បក្ស​MFP​ចូលកាន់​អំណាច​ដោយសារតែគណបក្សក្មេងខ្ចីនេះប្រកាន់​ជំហរ​កែ​ទំរង់​និង​ការប្រឆាំង​ច្បាប់​ដ៏តឹងរ៉ឹងពេលស្តីពី​ការប្រមាថ​ស្តេច​។

​លោក​បាន​និយាយ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ថា « ខ្ញុំ​ចង់​អនុញ្ញាត​អោយ​សមាជិក​សភា​ដទៃ​ទៀត​ទទួល​តំណែង​ជា​ប្រធាន​បក្ស​ប្រឆាំង តែ​ទោះជានៅក្នុង​ទីតាំង​ណា​ក៏​ដោយ ខ្ញុំ​នឹង​នៅ​តែ​ធ្វើការ​ជាមួយ​បក្ស​កាវ​ក្លៃ​និង​ប្រជាជន​អោយ​អស់ពី​លទ្ធភាព​របស់​ខ្ញុំ​»​។​

​ភិ​តា ដ៏​មាន​ប្រជាប្រិយភាព​បាន​ទទួល​សម្លេង​នាំមុខ​គេ​សំរាប់​តំណែង​នាយករដ្ឋមន្ត្រី ក្នុង​ការស្ទង់មតិ​នៅមុន​ការបោះឆ្នោត តែ​លោក​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ជាច្រើន​ដែល​បាន​ធ្លាក់​មក​បន្តបន្ទាប់​នៅពេល​គណបក្សរបស់លោក​ឈ្នះឆ្នោត​ហើយ​លោក​ប៉ុនប៉ង​ចូល​កាន់​អំណាច​។​បច្ចុប្បន្ន​លោក​ត្រូវ​បាន​ព្យួរ​អាសនៈ​សភា​ដោយសារ​ជាប់​បណ្តឹង​មួយ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ភាពស្របច្បាប់​របស់​លោក​ក្នុង​ការកាន់កាប់​តំណែង​សភា​។ វា​កើតចេញ​ពី​ការចោទប្រកាន់​មួយ​ដែល​ថា​លោក​​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​ក្នុងពេល​ដាក់​ពាក្យសុំ​ឈរឈ្មោះ​ជា​សមាជិក​សភា​។

​លោក​ភិតា បាន​បដិសេធ​ថា​មិន​បាន​ធ្វើ​ខុស តែ​ច្បាប់បោះឆ្នោត​ថៃ​ហាម​មិន​អោយ​បេក្ខជន​សភា​ណា​ម្នាក់​មាន​ភាគហ៊ុន​ឬ​បើក​ដំណើរការ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ទេ​។​

​ភិតា​បានសរសេរប​ង្ហោះ​ថា «​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ជាមួយ​MFP​និង​ពលរដ្ឋ​ថៃ​ជាមួយនឹង​កម្លាំង​ពលំ​ទាំងអស់​របស់​ខ្ញុំ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ដែល​យើង​សង្ឃឹម​ចង់បាន​។​MFP​ត្រូវ​តែ​ដឹកនាំ​ក្រុម​ប្រឆាំង​នៅក្នុង​សភា​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​នៅ​ថៃ ដែល​មិន​មាន​នៅក្នុង​គោលនយោបាយ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​»៕

​ភិ​តា បាន​និយាយថា​លោក​បង្ខំចិត្ត​លាឈប់​ពី​ប្រធាន​បក្ស ក្រោយ​ត្រូវ​តុលាការ​ព្យូរ​អាសនៈស​ភា​របស់​លោក​