ដោយៈ គង់ហេង/ កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ដំណាក់កាលថ្មីនេះ ជំរុញបង្កើនគុណភាព និងសមត្ថភាពសិស្សតាមរយៈអាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពួកគាត់ក្លាយជាសិស្សកម្រិតស្តង់ដារអន្តរជាតិ។
លោកអភិបាលខេត្តបានថ្លែងទៀតថាៈ ស្តង់ដារថ្មី សម្រាប់សិស្សមុននឹងប្រឡងយកសញ្ញាបត្រទុត្តិយភូមិបេក្ខជនទាំងអស់ត្រូវឆ្លងកាត់ច្រើនដំណាក់កាល ដូចជាវាយតម្លៃលើពិន្ទុ ដល់កម្រិតត្រូវដាក់ពាក្យប្រឡងបានទេ? ឆ្លងកាត់ការប្រឡងផ្ទៃក្នុង។ ជាពិសេសឥឡូវនេះប្រព័ន្ធអប់រំកំពុងកែទម្រង់ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺទំនាក់ទំនងជាមួយគ្រូ ដោយក្នុងមួយខែអញ្ជើញអាណាព្យាបាលមកជួបម្តង។
លោកបានបន្ថែមថាៈ កំណែទម្រង់របស់ក្រសួងអប់រំ គឺអ្នកចេះប្រឡងជាប់ និងល្បីឈ្មោះ អត់មានអំពើពុករលួយ និងកាត់ផ្តាច់វប្បធម៌អន្តរាគមន៍ ដោយឱ្យសិស្សខិតខំប្រឹងរៀន។ ពិសេសយើងឈានមួយជំហានទៀត ដើម្បីបង្កើនគុណភាព និងសមត្ថភាពរបស់សិស្ស ជំរុញវិធានការណ៍ទំនាក់ទំនងអាណាព្យាបាលជាមួយនឹងសាលា គឺដំណាក់កាលថ្មីបង្កើនគុណភាពសិស្ស ផ្តោតលើការអប់រំនៅមូលដ្ឋានឱ្យមានគុណភាព និងសមត្ថភាពខ្ពស់។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងបែបនេះ ក្នុងការដែលលោកបានអញ្ជើញចូលរួមសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅក្នុងសាលាខេត្តនេះ កាលពីថ្ងៃទី ១៤ កញ្ញាម្សិលមិញ៕/r