ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងនៅចំពោះមុខ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ថាជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិនជាពិសេសគឺការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនមួយ។
សម្តេចធិបតីបានអះអាងបែបនេះនៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ។
សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែងដែលប្រជាជាតិទាំងពីរកំពុងបានទទួលនូវផ្លែផ្កាលើគ្រប់វិស័យជាពិសេសសេដ្ឋកិច្ចនិងការអប់រំ ។ ការអភិវឌ្ឍនិងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃជាការពិតគឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រនិងកិច្ចសហការពីសំណាក់មិត្តចិនឡើយដូចមានការគាំទ្ររបស់ចិននៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។
ក្នុងន័យនេះសម្ដេចធិបតីបានគូសរំលេចជូនលោកប្រធានាធិបតីអំពីទិសដៅនិងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរដូចជាវិស័យថាមពល, សន្តិសុខស្បៀងនិងវិនិយោគជាដើម ។
សម្ដេចធិបតីបានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពលនិងសន្តិសុខស្បៀងរបស់កម្ពុជានិងបានអរគុណចំពោះការនាំចូលអង្ករនិងផលិត ផលកសិកម្មផ្សេងទៀត ពីកម្ពុជាផងដែរ ។សម្ដេចធិបតីក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិនក្នុងការជំរុញនិងការលើកទឹកចិត្ត ឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុ ជាជាពិសេសនៅក្នុងវិស័យគន្លឹះអាទិភាពដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ៕