នាវាចម្បាំង​អង់គ្លេស​ចូល​ចត​នៅ​ទីក្រុង​តូ​ក្យូ ខណៈ​ចក្រភព​អង់គ្លេស​ពង្រីក​វត្ត​មាននៅ​អាស៊ី​

745
ចែករម្លែក

​នាវាចម្បាំង​អង់គ្លេស​មួយគ្រឿង​បាន​ចូល​ចត​នៅក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​ខណៈដែល​ចក្រភព​អង់គ្លេស​ស្វះស្វែង​ពង្រីក​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​នាវាចម្បាំង HMS Albion ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​សន្តិសុខ​ដែនសមុទ្រ​និង​ប្រតិបត្តិ​ការឃ្លាំមើល​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​គឺជា​នាវាចម្បាំង​ទី ២ ក្នុងចំណោម​នាវាចម្បាំង​អង់គ្លេស​ចំនួន ៣ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​អាស៊ី​ក្នុងឆ្នាំនេះ​។ ពួកវា​គឺជា​ការដាក់​ពង្រាយ​លើកដំបូង​នៅ​អាស៊ី​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​មេបញ្ជាការ​នាវា លោក ធី​ម នៀល បាន​និយាយ​នៅក្នុង​ពិធី​ស្វាគមន៍​នៅឯ​កំពង់ផែ​ហា​រូ​មី​ព្យែ​រ នៅ​ឆកសមុទ្រ​តូ​ក្យូ​ថា “​វត្តមាន​របស់​យើង​នៅទីនេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​យ៉ាង​ទូលំទូលាយ​ជាង​មុន​របស់​កងទ័ពជើងទឹក​អង់គ្លេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ ២០១៨”​។​

​ចក្រភព​អង់គ្លេស​និង​ជប៉ុន​បាន​ព្រមព្រៀងគ្នា​កាលពី​ឆ្នាំមុន​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ក្នុងពេល​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ដែល​កំពុងតែ​កើនឡើង​ពី​កូរ៉េខាងជើង​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ដើម្បី​ជំរុញ​ការទាមទារ​របស់ខ្លួន​លើ​ដែនទឹក​មាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​លោ​កនៀន​បាន​និយាយថា កងទ័ពជើងទឹក​អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​ការដាក់ទណ្ឌកម្ម​របស់​អ​.​ស​.​ប លើ​កូរ៉េខាងជើង និង​ការពារ​ប្រព័ន្ធ​អន្ដរជាតិ​ដែល​ផ្អែកលើ​ច្បាប់ ដែលជា​ការនិយាយ​ដៀមដាម​ចំពោះ​សកម្មភាព​កសាង​កោះ​របស់​ចិន​។ លោក​បាន​និយាយថា សមុទ្រ​ចិន​ខាងត្បូង​គឺជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​សម្រាប់​ពាណិជ្ជកម្ម​សកលលោក ជាមួយ​ពាណិជ្ជកម្ម​អង់គ្លេស​ចំនួន ៣៥ ភាគរយ​បាន​ឆ្លងកាត់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​មន្ត្រីជាន់ខ្ពស់​ជប៉ុន​ម្នាក់​បាន​ស្វាគមន៍​ចំពោះ​ការបង្កើន​ការប្តេជ្ញាចិត្ត​របស់​ចក្រ​ភព​អង់គ្លេស​ចំពោះ​តំបន់​រួមទាំង​ការអនុវត្ត​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​។​

​ឧ​ត្ត​មនា​វី​ទោ លោក ហ្គោ​ជី​រ៉ូ វ៉ា​តា​ណា​បេ នៃ​កងកម្លាំង​ស្វ័យការពារ​ដែនសមុទ្រ​ជប៉ុន បាន​និយាយថា “​គ្មាន​ប្រទេស​ណាមួយ​ឬ​កងទ័ពជើងទឹក​តែមួយ​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​បានទេ​សព្វថ្ងៃនេះ​”៕ ដោយ៖ កញ្ញាដាលីស

នាវាចម្បាំង HMS Albion ចូល​ចត​នៅ​តូ​ក្យូ​នៅ​ថ្ងៃ​សុក្រ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម