ដោយៈដេប៉ូ/ភ្នំពេញ៖រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឱ្យប្រធានតំណាង ភ្នាក់ងារចៃកាជប៉ុន(JICA)ប្រចាំកម្ពុជា បន្តអភិវឌ្ឍធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីជាជន្ទល់រុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៧ភាគរយឡើងវិញ។ នេះគឺជាការលើកឡើងក្នុងជំនួបទ្វេភាគី រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬចៃកា(JICA)ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពពីក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបដ៏កក់ក្តៅនេះលោករដ្ឋមន្រ្តីបានគូសបញ្ជាក់ជូនតំណាងភ្នាក់ងារចៃកាថា ៖ “ការពង្រឹងលើការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាចំណុចគន្លឹះក្នុងការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថាជាចំណុចគន្លឹះមួយសម្រាប់កម្ពុជាក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧ភាគរយឡើងវិញ នៅថ្ងៃអនាគត និង សម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០”។
សម្រាប់លោករដ្ឋមន្ត្រីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចឱ្យបាននូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ។
ទន្ទឹមនឹងនេះ លោក សានុយ កាហ៊្សូម៉ាសា (Sanui Kazumasa)ប្រធានតំណាងចៃកាប្រចាំកម្ពុជា បានឯកភាពក្នុងការពិនិត្យសំណើរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងយកចិត្តទុកដាក់ ហើយក៏បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារចៃកា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ហើយថាជប៉ុនគ្រោងបង្កើនចំនួនបុគ្គលិកស័្មគ្រចិត្តចៃកា នៅកម្ពុជាពី៣០នាក់ក្នុងឆ្នាំនេះ ទៅដល់ ៦០នាក់នៅឆ្នាំក្រោយ។
ប្រភពដដែលបន្តថា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យជិតស្និទ្ធបន្ថែមទៀតខណៈដែលប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣នេះ៕srn