ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ខាងក្រោមនេះជាការប្រកួត ២ គូសម្រាំងក្នុងក្របខណ្ឌ English Premier League ជុំទី៥ សម្រាប់ថ្ងៃសៅរ៍។
– West Ham United vs Manchester City
* ក្រុមទាំងនេះបានស៊ុតបញ្ចូលទីសរុបចំនួន ២០ គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
* ពីរប្រកួតចុងក្រោយរបស់ West Ham មានគ្រាប់បាល់លើស ៣,៥។
* Manchester City បានរក្សា Clean Sheet តែម្តងគត់ក្នុងការប្រកួត៤លើកចុងក្រោយរបស់ពួកគេ។
ក្រុមការពារតំណែងជើងឯក Manchester City គឺជាក្រុមដំបូងគេក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ដែលបានឈ្នះការប្រកួតបើកឆាកទាំងបួនរបស់ពួកគេ ប៉ុន្តែអ្នកភ្នាល់ប្រហែលជាមិនចង់ប្រញាប់ប្រញាល់គាំទ្រពួកគេនៅទឹកដីរបស់ West Ham នោះទេ។
Man City បានចាប់ផ្តើមរដូវកាលនេះជាមួយនឹងជ័យជម្នះទល់សូន្យលើក្រុម Burnley និង Newcastle ហើយទោះបីជាលោក Pep Guardiola មិនអាចចូលរួមបានដោយសារការវះកាត់ក៏ដោយ ក៏ពួកគេនៅតែអាចឈ្នះលើក្រុម Sheffield United និង Fulham មុនពេលសម្រាកអន្តរជាតិ។
ការទទួលជ័យជម្នះ ៥-១ លើក្រុម Fulham គឺពិតជាមានភាពទាក់ទាញខ្លាំង នៅពេលដែល Erling Haaland ស៊ុតចូល Hat-trick ក្នុងតង់ទី ២ ហើយក្រុមឈ្នះពានបីរដូវកាលមុននេះមើលទៅនៅតែមានគ្រោះថ្នាក់ដូចពីមុន។
គេក៏គួរនិយាយដែរថា West Ham បានចាប់ផ្តើមយ៉ាងខ្លាំងនៅក្នុងរដូវកាលនេះ ហើយគួរតែធ្វើឱ្យ Manchester City ជួបការលំបាក។
ការប្រកួតចំនួន៤លើកបានផ្តល់លទ្ធផលឈ្នះ ៣ និងស្មើ ១ រហូតមកដល់ពេលនេះសម្រាប់ក្រុមញញួរធំ ដែលខកខានឱកាសលេង Champions League ជាច្រើនលើកនៅប៉ុន្មានរដូវកាលចុងក្រោយនេះ។
បន្ទាប់ពី Newcastle, Brighton និង Aston Villa សុទ្ធសឹងបង្ហាញការភ្ញាក់ផ្អើលដោយឡើងចំណាត់ថ្នាក់កំពូលទាំងប្រាំពីរកាលពីរដូវកាលមុន ក្រុម West Ham នឹងមានអារម្មណ៍ថាអ្វីៗគឺអាចទៅរួច ហើយពួកគេនឹងលេងដោយមានទំនុកចិត្តយ៉ាងខ្លាំងបំផុត។
ពួកគេបានយកឈ្នះ Chelsea និង Brighton រួចហើយ ដែលជាផ្នែកមួយនៃការចាប់ផ្តើមដ៏ល្អរបស់ពួកគេ ហើយវាគ្មានមន្ទិលទេដែលថាពួកគេអាចទទួលបានលទ្ធផលវិជ្ជមានទល់នឹង Man City នៅកីឡដ្ឋាន London។
ទោះជាយ៉ាងណាក៏ដោយ ការភ្នាល់ដែលប្រសើរជាងក្នុងការប្រកួតនេះគឺលើសពី ៣,៥ គ្រាប់។
ក្រុម West Ham មិនបានចាប់ហ្វ្រាំងនោះទេកាលពីពេលថ្មីៗនេះ ដោយរកបាន៨គ្រាប់ក្នុងការប្រកួតលីកទាំងបីរបស់ពួកគេនៅមុនពេលសម្រាកអន្តរជាតិ ខណៈ Man City ស៊ុតចូល៥គ្រាប់ពេលប្រកួតជាមួយ Fulham កាលពីប្រកួតចុងក្រោយ។
ទោះយ៉ាងណា ក្រុមមេឃខៀវក៏របូតគ្រាប់បាល់ទល់នឹងក្រុម Sheffield United និង Fulham ដែរ ហើយការតាំងចិត្តរបស់ពួកគេទំនងជាត្រូវបានសាកល្បងនៅឯកីឡដ្ឋាន London ដែលជាកន្លែង West Ham បានទទួលជ័យជម្នះចំនួន ៨ លើកក្នុងចំណោម ១១ លើករបស់ពួកគេ និង ២៨ ពិន្ទុក្នុងចំណោម ៤០ ពិន្ទុរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។
ផ្អែកលើចំណុចនេះ ក្រុមទាំងពីរគួរតែស៊ុតចូលគ្នា ហើយស្មើគ្នាភាគច្រើន។ លទ្ធផលទស្សនទាយ ២-២។
– Manchester United vs Brighton
* Brighton បានឈ្នះបីប្រកួតក្នុងចំណោមបួនប្រកួតរបស់ពួកគេក្នុង Premier League រដូវកាលនេះ។
* Manchester United បានរបូតគ្រាប់បាល់ក្នុងការប្រកួតបីលើកចុងក្រោយរបស់ពួកគេ។
* Solly March រកបាន ៣ គ្រាប់ក្នុង ៤ ប្រកួតចុងក្រោយរបស់គេ។
Manchester United បានរងបរាជ័យក្នុងលទ្ធផល ៣-១ នៅក្រៅដីក្រុម Arsenal មុនពេលសម្រាកអន្តរជាតិ ហើយពួកគេអាចមានការខកចិត្តបន្ថែមទៀតពេលប៉ះក្រុមឡើងជើង Brighton នៅថ្ងៃសៅរ៍នេះ។
ក្រុមរបស់លោក Erik ten Hag បានចាប់ផ្តើមរដូវកាលនេះជាមួយនឹងជ័យជម្នះពីរលើកពីការប្រកួតលីកចំនួន៣លើកដំបូងរបស់ពួកគេ ប៉ុន្តែមិនមានសុទិដ្ឋិនិយមច្រើនទេពេលទៅកីឡដ្ឋាន Emirates នៅដើមខែនេះ។
យ៉ាងណាមិញ រឿងនោះបានផ្លាស់ប្តូរមួយរំពេចនៅពេលដែល Marcus Rashford ស៊ុតនាំមុខ ១-០ ក្នុងការប្រកួតជាមួយក្រុម Arsenal តែភ្លាមៗត្រូវក្រុមម្ចាស់ផ្ទះតាមស្មើនៅមួយនាទីក្រោយមក។
បន្ទាប់មកការប្រកួតភាគច្រើនគឺមានលក្ខណៈទ្រឹង ហើយ United បានគិតថាពួកគេបានឆក់យកឱកាសឈ្នះចុងម៉ោងតាមរយៈកីឡាករ Alejandro Garnacho ទៅហើយ តែបែរជាត្រូវបដិសេធដោយ VAR ។
កាន់តែអាក្រក់ទៅទៀតនោះគឺ Arsenal បានស៊ុតថែមនៅនាទីទី ៩៦ និង ១០១ យកឈ្នះ ៣-១ ជាពិន្ទុមួយដែលមិនឆ្លុះបញ្ចាំងពីធាតុពិតនៃការប្រកួតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះបានធ្វើឱ្យ Man United ស្ថិតក្នុងទីតាំងពាក់កណ្តាលនៃតារាងពិន្ទុ ហើយមានសំណួរជុំវិញក្រុមនៅគ្រប់ផ្នែកនៃទីលាន ដោយ Anthony Martial មិនមានប្រសិទ្ធភាពទល់នឹង Arsenal កីឡាករ Casemiro ចាប់ផ្ដើមរដូវកាលមិនសូវល្អ និង ខ្សែការពារការធ្លាយគ្រាប់បាល់ឥតអាសូរ។
គេពិបាកគាំទ្រខាង Manchester United នៅពេលនេះណាស់ ព្រោះពួកគេត្រូវលេងទល់នឹង Brighton ដែលបានផ្តួលពួកគេនៅ Old Trafford នៅថ្ងៃបើកឆាកកាលពីរដូវកាលមុន។
ក្រុមរំពេរសមុទ្រចាប់ផ្តើមបើកឆាកនៃយុទ្ធនាការនេះល្អដូចផ្កា ដោយឈ្នះ ៤-១ លើ Luton និង Wolves មុនពេលចាញ់ West Ham ៣-១។
ទោះជាយ៉ាងណាក៏ដោយ Brighton មិនបានអនុញ្ញាតឱ្យបរាជ័យនោះជាន់ពន្លិចពួកគេទេ ហើយបានងើបឡើងវិញមុនសម្រាកអន្តរជាតិជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម Newcastle ។
នោះបានធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៦ ហើយពួកគេមានហាងឆេងល្អគួរសមក្នុងការយកឈ្នះលើបិសាចក្រហមថ្ងៃនេះ។
គ្មានក្រុមណារកបានគ្រាប់បាល់នៅ Premier League ច្រើនជាង Brighton (១២គ្រាប់) នោះទេ មុនឈានចូលការសម្រាកអន្តរជាតិ។
វត្តមានរបស់ Evan Ferguson ដែលបានស៊ុតបញ្ចូលទី Hat-trick ទល់នឹង Newcastle គឺមិនប្រាកដប្រជាក្នុងការប្រកួតនេះទេ ប៉ុន្តែ Solly March ដែលកំពុងល្អ ច្បាស់ណាស់នឹងចូលលេង។
Solly March បានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួត Premier League ចំនួន ៤ ដងក្នុងរដូវកាលនេះ ហើយអាចបង្កបញ្ហាធំដល់ Man Utd នៅតំបន់ស្លាប ដូច្នេះរូបគេអាចនឹងរកគ្រាប់បាល់បានគ្រប់ពេលនៅ Old Trafford ។
លទ្ធផលទស្សនទាយ Brighton ឈ្នះ ២-១៕
Man U អាចលំបាកខ្លាំងជាមួយនឹង Brighton