ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ វ្ល៉ាឌីវ៉ូស្តូក (Vladivostok) នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ដើម្បីមើលកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការក្នុងស្រុករបស់លោកបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរោងចក្រផលិតយន្តហោះចម្បាំងទំនើបបំផុតរបស់រុស្ស៊ី។
ដំណើររបស់លោកគីមទៅកាន់ប្រទេសរុស្ស៊ី ដែលគូសដើម្បីជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានបង្កឱ្យមានការព្រួយបារម្ភដល់លោកខាងលិចអំពីសម្ពន្ធមិត្តអាវុធ ដែលក្នុងនោះអាវុធរបស់កូរ៉េខាងជើងនឹងបន្ថែមសាំងលើសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែន និងបច្ចេកវិជ្ជារុស្ស៊ីនឹងជំរុញការគំរាមកំហែង ដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរយោធារបស់លោកគីម។
បន្ទាប់ពីជួបជាមួយលោកពូទីននៅឯកំពង់ផែអវកាសសំខាន់របស់រុស្ស៊ី មេដឹកនាំកូរ៉េខាងជើងបានបង្ហាញខ្លួនឡើងវិញកាលពីថ្ងៃសុក្រនៅទីក្រុងកំសំម៉ូសក៍ អន អាមួ (Komsomolsk-on-Amur) នៅចុងភាគខាងកើតសម្រាប់ដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតយន្តហោះចម្បាំង Su-57 របស់រុស្ស៊ី។
អ្នកជំនាញបាននិយាយថា កិច្ចសហប្រតិបត្តិការយោធាដ៏មានសក្តានុពលរវាងប្រទេសទាំងពីរអាចរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកម្លាំងទ័ពអាកាសហួសសម័យរបស់កូរ៉េខាងជើង ដែលពឹងផ្អែកលើយន្តហោះចម្បាំងដែលត្រូវបានបញ្ជូនពីសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
ផែនការរបស់លោកគីមក្នុងការមើលកប៉ាល់កងទ័ពជើងទឹករុស្ស៊ីនៅទីក្រុងវ្ល៉ាឌីវ៉ូស្តូកអាចជាតម្រុយមួយទៀតអំពីអ្វីដែលគាត់ចង់បានពីរុស្ស៊ី ដោយប្រហែលជាថ្នូរនឹងការផ្គត់ផ្គង់គ្រាប់ដើម្បីបំពេញឃ្លាំងបម្រុងដែលថយចុះរបស់លោកពូទីន ខណៈដែលការលុកលុយរបស់គាត់នៅអ៊ុយក្រែនបានក្លាយជាសង្គ្រាមយុទ្ធសាស្ត្រមួយទៅហើយ។
លោកគីមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកងទ័ពជើងទឹករបស់គាត់ ដើម្បីទប់ទល់នឹងនាវាកងទ័ពជើងទឹកកម្រិតខ្ពស់របស់សហរដ្ឋអាម៉េរិក ដែលកំពុងពង្រីកសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង៕
លោកគីមធ្វើទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះចម្បាំង Su-57 របស់រុស្ស៊ីកាលពីថ្ងៃសុក្រ