ដោយ៖ គង់ហេង/ កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចានដា បានថ្លែងថា ការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីដែលនឹងជំរុញឱ្យការប្រើប្រាស់ដីឱ្យអស់ពីសក្តានុពល ដែលនឹងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តកំពង់ចាមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងការដែលលោកបានដឹកនាំសហការី មន្រ្តី នៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះចែកវិញ្ញាបនបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦៥០ ក្បាលដី នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន កាលពីថ្ងៃទី១៥ កញ្ញាម្សិលមិញនេះ។

លោកសូមបញ្ជាក់ជូនថា ក្បាលដីដែលបងប្អូនបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទ្ធិនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណដីធ្លី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគា ដើម្បីយកដើម ទុនមកប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ។

លោកបានបញ្ជាក់ទៀតថាៈ ដូច្នេះការចុះបញ្ជីដីធ្លីគឺជាការពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលនឹងជំរុញការប្រើប្រាស់ដីអោយអស់សក្ដានុពល ហើយកត្តានេះពិតជានឹងកាត់បន្ថយភាពក្រីក្រដែលជាគោលដៅចុងក្រោយនៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់បន្តថាៈ ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលនៅថ្ងៃនេះ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងអោយសិទ្ធិ នៃកម្មសិទ្ធិដែលជាសិទ្ធិផ្តាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់និងអាស្រ័យផលក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅអោយកូន ចៅដោយអនុលោមតាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះ សុំរក្សាប័ណ្ណកម្មសិទ្ធិនេះអោយបានល្អបំផុត ៕/r