ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ស៊េរីឧបករណ៍ទំនើបៗរបស់ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei រួមទាំងនាឡិកាឆ្លាតវៃស៊េរីថ្មីបានបង្ហាញខ្លួនជាលើកដំបូងនៅលើពិភពលោកនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនៃការឈានជើងចូលវិស័យឧបករណ៍ពាក់បាន (Wearable) របស់ក្រុមហ៊ុន Huawei ក្រុមហ៊ុនបានបង្ហាញ “យុទ្ធសាស្ត្រឧបករណ៍ពាក់បាន” ថ្មីរបស់ខ្លួនដោយនិយាយថា ខ្លួនចង់បង្ហាញនូវយុគសម័យថ្មីនៃឧបករណ៍ពាក់បាន ដែលផ្តោតលើការតភ្ជាប់ម៉ូតទំនើប សុខភាព និងកីឡា ក្រោមពាក្យស្លោក “ម៉ូតឈានមុខ”។
អ្នកចូលរួមក្នុងកម្មវិធីសម្ពោធនាឡិកាដៃ Watch GT 4 គឺតារាមានឥទ្ធិពលផ្នែកកាយសម្បទានិងរបៀបរស់នៅ នាង ផាមេឡា រីហ្វ (Pamela Reif) និងកំពូលតារារត់ចម្ងាយឆ្ងាយ ម៉ូ ហ្វារ៉ា (Mo Farah) ដែលនឹងផ្សព្វផ្សាយនាឡិកាឆ្លាតវៃថ្មីនេះក្នុងនាមជាទូតសុឆន្ទៈផលិតផលពាក់បានរបស់ Huawei។
ម្ចាស់ជើងឯកអូឡាំពិក ពិភពលោក និងអឺរ៉ុប លោកហ្វារ៉ាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា គាត់ចង់ទទួលបានព័ត៌មានទាំងអស់ដែលផ្តល់ដោយនាឡិកាឆ្លាតនេះ នៅពេលដែលគាត់ឈ្នះមេដាយនិងបំបែកឯតទគ្គកម្មជាអ្នករត់ចម្ងាយឆ្ងាយ។
គាត់បាននិយាយថា “វាភ្ជាប់ទៅ Strava (ជាវេទិកាសម្បូរបែបសម្រាប់អត្តពលិក) និងមូលដ្ឋានទិន្នន័យទាំងអស់របស់អ្នក សម្រាប់គ្រូបង្វឹករបស់អ្នក សម្រាប់ខ្លួនអ្នក ហើយអ្នកអាចកែលម្អអ្វីៗបានទាំងអស់”។
Watch GT 4 គឺជាជំនាន់ចុងក្រោយបំផុតនៃស៊េរីនាឡិកា Watch GT របស់ក្រុមហ៊ុន។ វាមានលក្ខណៈពិសេសជាច្រើននៃមុខងារសុខភាពនិងកាយសម្បទា ដូចជាបច្ចេកវិជ្ជាវាស់ចង្វាក់បេះដូងដែលប្រសើរជាងមុន ដើម្បីផ្តល់លទ្ធផលត្រឹមត្រូវជាងមុន ឬ មុខងារជួយទស្សន៍ទាយវដ្តរដូវ។
Watch GT 4 ក៏មានគោលបំណងបង្កើតអ្វីដែលថ្មីនៅក្នុងវិស័យនាឡិកាឆ្លាតវៃផងដែរ ដោយផ្តោតលើម៉ូតរចនាប័ទ្មនិងការរចនាដ៏រឹងមាំ ដោយផ្តល់ជូននូវម៉ូតប្រកបដោយភាពច្នៃប្រឌិតជាច្រើនសម្រាប់រសនិយមផ្សេងៗគ្នាទាំងទំហំសម្រាប់បុរសនិងស្ត្រី។
ក្រុមហ៊ុន Huawei និយាយថា នៅអឺរ៉ុបនិងចក្រភពអង់គ្លេស នាឡិកានេះនឹងអាចរកទិញបានពីហាងលក់រាយធំៗ ចាប់ពីថ្ងៃទី ៤ ខែតុលា ជាមួយនឹងម៉ូដែលថោកបំផុតលក់ចាប់ពីប្រហែល ២៥០ អឺរ៉ូ (២៦៦,៦ ដុល្លារ) និងខ្ពស់បំផុតដល់ប្រហែល ៤០០ អឺរ៉ូសម្រាប់កំណែថ្លៃបំផុត។
ក្រុមហ៊ុន Huawei ក៏បានដាក់បង្ហាញនាឡិកា Watch Ultimate Gold Edition ដែលជានាឡិកាឆ្លាតមាសដំបូងបង្អស់របស់ក្រុមហ៊ុន កាសស្តាប់ត្រចៀក FreeBuds Pro 3 TWS វ៉ែនតាឆ្លាត Eyewear 2 និង ថេប្លេត PaperMatte នៃពពួកថេប្លេត MatePad របស់ខ្លួន ដែលផ្តល់នូវបទពិសោធន៍អេក្រង់ស្តើងដូចក្រដាស៕
ក្រៅពី Watch GT 4 ក្រុមហ៊ុន Huawei ក៏បង្ហាញនាឡិកា Watch Ultimate Gold Edition កាសស្តាប់ត្រចៀក FreeBuds Pro 3 TWS វ៉ែនតាឆ្លាត Eyewear 2 និង ថេប្លេត PaperMatte ផងដែរ