តម្លៃ​ជ្រូក​នៅ​កម្ពុជា​អាច​ថ្លៃ​បាន​រហូតដល់ ២-៣ ឆ្នាំ ប៉ុន្តែ​មិនសូវមាន​អ្នក​ចិញ្ចឹម

2400
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក ជេ​ត ភិរម្យ ប្រធាន​ស​គម្ម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៨ នេះ​អំពី​ស្ថានភាព​ទីផ្សារ​សាច់ជ្រូក​នៅ​កម្ពុជា​ថា  ខ្ញុំ​បាន​តាមដាន​មើល​ស្ថានភាព​ទីផ្សារ​សាច់ជ្រូក​ប្រទេស កម្ពុជា ថៃ វៀតណាម និង ចិន ដែលជា​ទីផ្សារ​ជះ និង ទទួល​ឥទ្ធិពល​ពីគ្នា​ទៅវិញទៅមក គឺ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ដែលថា​ជ្រូក អាច​នឹង​ធ្លាក់​ថ្លៃ​នៅឡើយ​ទេ​ក្នុងពេល​ឆាប់ៗ​នេះ ។ ដូច្នេះ ខ្ញុំ​អាច​ព្យាករណ៍​បាន​ថា តម្លៃ​ជ្រូក​នៅ​កម្ពុជា អាច​នឹង​រក្សា​ភាព​ថ្លៃ​បាន​រហូតដល់​ទៅ ២ ឬ ៣ ឆ្នាំ​ឯណោះ ដែលជា​រយៈពេល​យូរ​គួរសម​ដែរ  ។

​សូម​រំឭកថា តម្លៃ​ជ្រូក​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង អស់​រយៈពេល​ប្រមាណ​ជា ២ ឆ្នាំ បណ្តាលឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា​ប្រមាណ​ជា ៥០ ភាគរយ បាន​ខ្ស័យធន​ខាត​អស់​ដើមទុន​ពី​ខ្លួន ។ ចំណែក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំៗ ក៏​ជួប​ការលំបាក​ធ្ងន់ធ្ងរ​ណាស់ដែរ ដោយសារតែ​កាលណោះ ជ្រូក​ចាល់ ពោលគឺ​ជ្រូក​សល់ គ្មាន​ទីផ្សារ ពី​ប្រទេស​វៀតណាម ត្រូវបាន​នាំចូល​មក​លក់​នៅ​កម្ពុជា​ក្នុងតម្លៃ​ថោក​ជាង​តម្លៃ​ដើម ។​

​លុះដល់​ជ្រូក​នៅ​វៀតណាម​បាន​ស្រកស្រុត​អស់​ទៅ ទើប​តម្លៃ​ជ្រូក​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរឡើង​វិញ ចាប់ពី​អំឡុង​ខែ មេសា ឆ្នាំ ២០១៨ នេះ ដោយ តម្លៃ​ជ្រូក​រស់ក្នុង ១ គីឡូក្រាម ចាប់ពី ៨.៤០០ រៀល ដល់ ៩.០០០ រៀល ។


​លោក ជេ​ត ភិរម្យ បាន​មើលឃើញថា នេះ​គឺជា​ឱកាសល្អ​សម្រាប់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ដោយសារ​ពេលនេះ រដ្ឋាភិបាល​វៀតណាម បានចាប់ផ្តើម​គ្រប់គ្រង​ជ្រូក ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​តម្រូវការ និង ការផ្គត់ផ្គង់​មាន​តុល្យភាព​នឹង​គ្នា ពោលគឺ​កុំឱ្យ​ការផ្គត់ផ្គង់​មាន​ភាព​លើសលប់​ខ្លាំងពេក​ទៅលើ​តម្រូវការ ជាហេតុ​នេះ​ឱ្យ​ជ្រូក​ចាល់ ធ្លាក់​ថោក នាំឱ្យ​ខាត​ធ្ងន់ធ្ងរ​ដូច​កាល​កន្លងទៅ​ថ្មីៗ​នេះ ។

​ម្យ៉ាងទៀត​តម្លៃ នៃ ការចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​វៀតណាម​ពេលនេះ ក៏មាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​នឹង​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ដែរ ដែល​បានសេចក្តីថា​ក្នុងពេល​ឆាប់ៗ​នេះ វៀតណាម មិនមាន​ជ្រូក​ចាល់ ឬ មិនមាន​លទ្ធភាព​នាំ​ជ្រូក​មក​លក់​ថោកៗ​នៅ​កម្ពុជា ធ្វើឱ្យប៉ះពាល់​កសិករ​នៅ​កម្ពុជា​ទៀត​ទេ បន្ទាប់ពី​ខាតបង់​យ៉ា​ដំណំ​មក ។​

​តម្រូវការ​សាច់ជ្រូក​នៅ​កម្ពុជា​ក្នុង ១ ថ្ងៃ​ប្រមាណ​ជាជាង ៧.០០០ ក្បាល ហើយ​បច្ចុប្បន្ននេះ កម្ពុជា ត្រូវ​នាំ​ជ្រូក​ចូល​ពី​ប្រទេស ថៃ ក្នុង ១ ថ្ងៃ​ប្រមាណ​ជាជាង ១ ពាន់​ក្បាល​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស ។ ប៉ុន្តែ​មិន​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ទៀត​ទេ ព្រោះ​ជ្រូក​នៅ​វៀតណាម ពេលនេះ​មានតម្លៃ​ថ្លៃ ។ ចំណែក​ជ្រូក​នៅ​ប្រទេស ថៃ ត្រូវបាន​គេ​រំពឹង​មិនអាច​មានតម្លៃ​ថោក​ជាង​ជ្រូក​នៅ​កម្ពុជា ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ទេ ។​
​ទោះជា​ពេលនេះ​ជា​ឱកាសល្អ​យ៉ាងនេះ​ក្តី ប៉ុន្តែ​លោក ជេ​ត ភិរម្យ បាន​មើលឃើញថា អ្វី​ដែលជា​ឧបសគ្គ​នាពេលនេះ គឺ​កសិករ​ខ្មែ​ដែល​បាន​បោះបង់​ការចិញ្ចឹម​ជ្រូក​ដោយសារតែ​ខ្ស័យធន​កន្លងមកនេះ មិន​ងាយ​នឹង​ចាប់ផ្តើម​ចិញ្ចឹម​ជ្រូក​ឡើងវិញ​ទេ ព្រោះ​ការចាប់ផ្តើម​ឡើងវិញ ត្រូវការ​ទុន ប៉ុន្តែ​ទុន​របស់​ពួកគាត់​បាន​ខាតបង់​ស្ទើរតែ​អស់ពី​ខ្លួន​ទៅហើយ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម