ដោយ:បូកគោ/កែប៖ កម្លាំងនៃគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យមើលការវាយកម្ទេចរបងបេតុងមួយកន្លែងដែលសង់បំពានចូលដីចំណីសមុទ្រស្ថិតក្នុងភូមិអង្កោល ឃុំអង្កោលបន្ទាប់ពីម្ចាស់សំណង់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ។
លោក ឆាង ឆៃ ប្រធានគណ:បញ្ជាការឯកភាពស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា កន្លងមក អាជ្ញាធរបានរកឃើញសកម្មភាពសាងសង់របងបេតុងចូលដីចំណីសមុទ្រមួយកន្លែងស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល។ ឃើញសកម្មភាពនោះ មន្ត្រីជំនាញក្នុងដែនសមត្ថកិច្ចបានកោះហៅតំណាងម្ចាស់សំណង់ចូលបំភ្លឺ និងធ្វើកិច្ចសន្យារុះរើនូវចំណែកដែលបានសង់លើសដីកម្មសិទ្ធិចេញវិញដោយគ្មានលក្ខខណ្ឌ។
លោកប្រធានគណ:បញ្ជាការបានបន្តថា ដោយមិនបានអនុវត្តតាមកិច្ចសន្យា និងនៅតែបន្តសកម្មភាពសាងសង់បន្ថែមទៀតនោះកាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ រដ្ឋបាលស្រុកបានកោះហៅតំណាងម្ចាស់សំណង់ចូលធ្វើកិច្ចសន្យាជាលើកទី២។ ពេលនេះ ភាគីម្ចាស់សំណង់បានយល់ព្រមវាយកម្ទេចដោយមិនបន្តរំខានដល់អាជ្ញាធរទៀតឡើយ។ ម៉្លោះហើយ ទើបនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ លោកបានដឹកនាំកម្លាំងក្នុងគណ:បញ្ជាការឯកភាពស្រុកចុះពិនិត្យសកម្មភាពរុះរើផ្ទាល់តែម្តង។ លោក ឆាង ឆៃ បានអំពាវនាវថាបងប្អូនប្រជាពលរដ្ឋដែលមានដីជាប់ចំណីព្រែក សមុទ្រ ក៏ដូចជាដីជាប់ដីសាធារណៈរបស់រដ្ឋទាំងអស់សូមកុំបំពានច្បាប់ដោយសាងសង់ ឬហ៊ុមព័ទ្ធក្នុងគោលដៅយកធ្វើជាកម្មសិទ្ធិឱ្យសោះ។ មុននឹងសាងសង់សំណង់អ្វីមួយត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវជៀសវាងកើតមានបញ្ហានាំដល់ខាតបង់ពេលវេលា និងទ្រព្យធននោះ៕សរន-pc