ដោយៈប.ខុន/ភ្នំពេញៈទឹកបឹងទន្លេសាបនៅស្ថានីយជលសាស្ត្រក្រគរ កំពង់លួងបានឡើងដល់កម្រិតកម្ពស់៥,០២ម៉ែត្រ នៅថ្ងៃទី១៦ ខែកញ្ញា នាំឱ្យលិចតំបន់ព្រៃលិចទឹកប្រមាណជា៥០ភាគរយហើយទឹកនៅបន្តកើនឡើងជាលំដាប់។
លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹកនិងឧតុនិយបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៣ថាទឹកបឹងទន្លេ សាបបន្តឡើងតិចៗរាល់ថ្ងៃ បានលិចព្រៃលិចទឹកប្រមាណជា៥០ភាគរយហើយនៅពេលឡើងបានដល់កម្ពស់ជាង៥ម៉ែត្រនៅថ្ងៃទី១៦ ខែកញ្ញានេះ ប៉ុន្តែ កម្ពស់ទឹកនៅទាបជាងកម្ពស់ ទឹកមធ្យមច្រើនឆ្នាំបើធៀបទៅនឹងរយៈពេលដូចគ្នានោះនៅឡើយទេ។
តាមព្រឹត្តិបត័្រព័ត៍មាននិងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣បានបង្ហាញឱ្យឃើញថា ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែងមានកម្ពស់៩,៣៧ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ កញ្ញា ០,៤៨ម៉ែត្រ នៅខេត្តក្រចេះទឹកមានកម្ពស់១៩,៤៧ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែកញ្ញា ១,១៧ម៉ែត្រ នៅកំពង់ចាម ទឹកមានកម្ពស់ ១២,១៤ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ កញ្ញា ០,៨២ម៉ែត្រ នៅចតុមុខទឹកមានកម្ពស់៧,២៧ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែកញ្ញា ០,៣៩ម៉ែត្រ នៅអ្នកលឿងទឹកមានកម្ពស់ ៥,០៩ម៉ែត្ រខ្ពស់ជាងថ្ងៃទី១៥ ខែកញ្ញា ០,២៧ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកមានកម្ពស់៦,៣៦ម៉ែត្រខ្ពស់ជាងថ្ងៃទី១៥ កញ្ញា ០,១៩ម៉ែត្រ នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់ ៦,១៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែកញ្ញា ០,២៦ម៉ែត្រ នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៥,០២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែកញ្ញា០,០៧ម៉ែត្រ។ តាមការព្យាករដដែលសម្រាប់ថ្ងៃទី១៩ ខែកញ្ញាទឹកនៅខេត្តស្ទឹងត្រែងអាចឡើងដល់កម្ពស់ ៩,៨២ម៉ែត្រ នៅខេត្តក្រចេះទឹកអាចឡើងដល់កម្ពស់ ២០,៥០ម៉ែត្រ នៅកំពង់ចាម ទឹកអាចឡើងដល់កម្ពស់ ១៣,២៩ម៉ែត្រ នៅចតុមុខទឹកអាចឡើងដល់កម្ពស់ ៨,១៦ម៉ែត្រ នៅអ្នកលឿងទឹកអាចឡើងដល់កម្ពស់៥,៨២ម៉ែត្រនៅទន្លេបាសាក់កោះខែលទឹកអាចឡើងដល់កម្ពស់៧ម៉ែត្រនិងនៅទន្លេសាបព្រែកក្តាមទឹកអាចឡើងដល់កម្ពស់កម្ពស់ ៦,៨៧ម៉ែត្រ៕/r