ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ អាជ្ញាធរក្នុងប្រទេសឥណ្ឌាកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងដ៏កម្រនៃមេរោគនីប៉ា (Nipah) ជាមេរោគឆ្លងពីសត្វទៅមនុស្ស ដែលបណ្តាលឱ្យមានជំងឺគ្រុនក្តៅយ៉ាងខ្លាំងជាមួយនឹងអត្រាស្លាប់ខ្ពស់។
នេះជាអ្វីដែលយើងបានដឹងមកទល់ពេលនេះ ៖
– តើមេរោគនីប៉ាជាអ្វី?
ការផ្ទុះមេរោគនីប៉ាលើកដំបូងត្រូវបានកត់ត្រាក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីមេរោគនេះបានរីករាលដាលក្នុងចំណោមអ្នកចិញ្ចឹមជ្រូកនៅក្នុងប្រទេសម៉ាឡេស៊ី។
មេរោគនេះត្រូវបានដាក់ឈ្មោះតាមភូមិ ដែលវាត្រូវបានរកឃើញ។
ការផ្ទុះឡើងនេះគឺកម្រណាស់ ប៉ុន្តែនីប៉ាត្រូវបានចុះបញ្ជីដោយអង្គការសុខភាពពិភពលោក (WHO) រួមជាមួយជំងឺអេប៊ូឡា ហ្ស៊ីកា និង កូវីដ១៩ ជាជំងឺដែលសមនឹងទទួលបានការស្រាវជ្រាវជាអាទិភាពសម្រាប់សក្តានុពលរបស់ពួកវាក្នុងការបង្កឱ្យមានការរីករាលដាលជាសកល។
ជាធម្មតា នីប៉ាឆ្លងទៅមនុស្សពីសត្វឬតាមរយៈអាហារដែលមានមេរោគ ប៉ុន្តែវាក៏អាចឆ្លងដោយផ្ទាល់រវាងមនុស្សផងដែរ។
ប្រចៀវផ្លែឈើគឺជាអ្នកបញ្ជូនតាមធម្មជាតិនៃមេរោគនេះ ហើយត្រូវបានកំណត់ថាជាមូលហេតុដែលទំនងបំផុតនៃការផ្ទុះរាលដាលជាបន្តបន្ទាប់។
រោគសញ្ញារួមមានគ្រុនក្តៅខ្លាំង ក្អួត និង ឆ្លងមេរោគផ្លូវដង្ហើម ប៉ុន្តែករណីធ្ងន់ធ្ងរអាចពាក់ព័ន្ធនឹងការប្រកាច់និងរលាកខួរក្បាល ដែលបណ្តាលឱ្យសន្លប់ធំ។
មិនមានវ៉ាក់សាំងសម្រាប់មេរោគនីប៉ាទេ។
WHO បាននិយាយថា អ្នកជំងឺមានអត្រាមរណភាពចន្លោះពី ៤០ ទៅ ៧៥ ភាគរយ អាស្រ័យលើការឆ្លើយតបផ្នែកសុខភាពសាធារណៈចំពោះមេរោគនេះ។
– តើមានអ្វីកើតឡើងក្នុងអំឡុងពេលផ្ទុះរាលដាលលើកដំបូង?
ការផ្ទុះឡើងនៃមេរោគនីប៉ាដំបូងបំផុតក្នុងឆ្នាំ ១៩៩៨ និង ១៩៩៩ បានសម្លាប់មនុស្សជាង ១០០ នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយបានជំរុញឱ្យមានការសម្លាប់ជ្រូកមួយលានក្បាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់មេរោគនេះ។
វាក៏បានរីករាលដាលដល់ប្រទេសសិង្ហបុរីនៅពេលនោះផងដែរ ដោយមាន ១១ ករណី និងស្លាប់ម្នាក់ក្នុងចំណោមកម្មករទីសត្តឃាត ដែលបានប៉ះពាល់ជ្រូកនាំចូលពីប្រទេសម៉ាឡេស៊ី។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងរបស់សិង្ហបុរី មេរោគនេះមានអត្រាមរណភាពរហូតដល់ ៤០ ភាគរយ។ គ្មានករណីថ្មីត្រូវបានរាយការណ៍ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ីចាប់តាំងពីការផ្ទុះឡើងក្នុងឆ្នាំ ១៩៩៩។
ជំងឺនេះត្រូវបានកត់ត្រាជាចម្បងនៅក្នុងប្រទេសបង់ក្លាដែសនិងឥណ្ឌា ដោយប្រទេសទាំងពីរបានរាយការណ៍ពីការផ្ទុះឡើងដំបូងក្នុងឆ្នាំ ២០០១។
បង់ក្លាដែសបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្សជាង ១០០ នាក់ស្លាប់ដោយសារមេរោគនីប៉ាចាប់តាំងពីឆ្នាំ ២០០១។
ការផ្ទុះឡើងដំបូងចំនួនពីរនៅក្នុងប្រទេសឥណ្ឌាបានសម្លាប់មនុស្សជាង ៥០ នាក់ មុនពេលមេរោគត្រូវបានគ្រប់គ្រង។
រដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងបានកត់ត្រាករណីស្លាប់ពីរនាក់ដោយសារនីប៉ា និង៤ ករណីផ្សេងទៀតត្រូវបានបញ្ជាក់ចាប់តាំងពីខែសីហា ឆ្នាំ២០២៣។
អាជ្ញាធរនៅទីនោះបានបិទសាលារៀនមួយចំនួននិងបានបង្កើតការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ។
នេះគឺជាករណីនីប៉ាលើកទីបួនរបស់រដ្ឋកេរ៉ាឡាក្នុងរយៈពេលប្រាំឆ្នាំមកនេះ។ មេរោគនេះបានសម្លាប់មនុស្ស ១៧ នាក់ក្នុងអំឡុងការផ្ទុះមេរោគនេះដំបូងក្នុងឆ្នាំ ២០១៨ ក្នុងរដ្ឋកេរ៉ាឡា។
រដ្ឋនេះបានគ្រប់គ្រងបាននូវការផ្ទុះមេរោគមុនៗក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍តាមរយៈការធ្វើតេស្តិ៍ទូលំទូលាយ និងការដាក់ឱ្យនៅដាច់ដោយឡែកចំពោះអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ។
– តើមេរោគឆ្លងពីសត្វទៅមនុស្សកាន់តែកើតឡើងញឹកញាប់?
ដោយបានបង្ហាញខ្លួនជាលើកដំបូងកាលពីរាប់ពាន់ឆ្នាំមុន មេរោគ ហ្ស៊ូនណូសេស (Zoonoses) ដែលអាចចម្លងពីសត្វទៅមនុស្ស បានកើនឡើងកាន់តែច្រើនក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំកន្លងមកនេះ។
ការរីកចម្រើននៃការធ្វើដំណើរអន្តរជាតិបានអនុញ្ញាតឱ្យពួកវារីករាលដាលកាន់តែលឿន។
ដោយកាន់កាប់តំបន់ដ៏ធំធេងនៃភពផែនដី អ្នកជំនាញបាននិយាយថា មនុស្សក៏រួមចំណែកដល់ការរំខានដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ និងបង្កើនលទ្ធភាពនៃការបំប្លែងមេរោគ ដែលអាចឆ្លងដល់មនុស្ស។
កសិកម្មឧស្សាហកម្មបានបង្កើនហានិភ័យនៃមេរោគឆ្លងរវាងសត្វពាហនៈ ខណៈដែលការកាប់បំផ្លាញព្រៃឈើបង្កើនទំនាក់ទំនងរវាងសត្វព្រៃ សត្វក្នុងស្រុក និងមនុស្ស។
តាមរយៈការលាយបញ្ចូលគ្នាកាន់តែច្រើនបែបនេះ ប្រភេទសត្វនានានឹងចម្លងមេរោគរបស់ពួកវាកាន់តែច្រើន ដែលនឹងជំរុញឱ្យកកើតជំងឺថ្មីដែលអាចចម្លងដល់មនុស្សបាន។
ការសិក្សា ដែលចេញផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្ត្រ Nature បានព្រមានក្នុងឆ្នាំ ២០២២ ថា ការប្រែប្រួលអាកាសធាតុនឹងជំរុញឱ្យសត្វជាច្រើនភៀសខ្លួនចេញពីប្រព័ន្ធអេកូឡូស៊ីរបស់ពួកវាសម្រាប់ដីដែលអាចរស់នៅបានកាន់តែច្រើន។
យោងតាមការប៉ាន់ប្រមាណដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Science ក្នុងឆ្នាំ ២០១៨ មានមេរោគមិនស្គាល់អត្តសញ្ញាណចំនួន ១,៧ លាននៅក្នុងថនិកសត្វ និងសត្វស្លាប ក្នុងនោះមេរោគពី ៥៤០.០០០ ទៅ ៨៥០.០០០ មានសមត្ថភាពឆ្លងដល់មនុស្ស៕
បុគ្គលិកសុខាភិបាលពាក់ឧបករណ៍ការពារកំពុងបញ្ជូនអ្នកដែលបានប៉ះពាល់ជាមួយអ្នកឆ្លងមេរោគនីប៉ាទៅមជ្ឈមណ្ឌលចត្តាឡីស័កនៅមន្ទីរពេទ្យរដ្ឋាភិបាលនៅទីក្រុង Kozikode ក្នុងរដ្ឋកេរ៉ាឡា ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣