ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ឱ្យកម្លាំងទាំងអស់ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខសង្គម និងភូមិឃុំ-សង្កាត់ មានសុវត្ថិភាពនោះ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថក្រុង បានបន្តយាមល្បាត ត្រួតពិនិត្យ ទប់ស្កាត់បទល្មើសក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងក៏បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅត្រង់ចំណុចហាងលក់ឥវ៉ាន់ ២៤ម៉ោង នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ។
ក្នុងប្រតិបត្តិការនេះ កងកម្លាំងមានសមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យអប់រំអ្នកធ្វើដំណើរបានចំនួន ១៥៦ នាក់ ក្នុងនោះស្រី ៤៧នាក់ រថយន្តតូច ៣៥ គ្រឿង រថយន្តធំ ៥គ្រឿង ម៉ូតូ ៣៦ គ្រឿង។ សមត្ថកិច្ច ក៏បាននាំក្មេងស្ទាវ ដែលដើរលេងដាច់យប់ ក្នុងភូមិសាស្រ្តក្រុង រំលងអធ្រាត្រចំនួន ១៩នាក់ ស្រី៤នាក់ ហើយជនសង្ស័យពាក់ព័ន្ធបទល្មើស បានត្រូវយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។
ជាករណីតាមដានមួយ ក្រោយសួនាំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ នគរបាលរកឃើញថា មួយចំនួនជាប់ពាក់ព័ន្ធសារធាតុញៀន ក្នុងនោះ ក៏មានក្មេងស្ទាវ ចំនួន២នាក់ ដែលម្នាក់ជាមុខសញ្ញា មានដីកាចាប់ខ្លួន និងធ្លាប់វាយគ្នា ប្រើហិង្សានៅលើផ្លូវជាតិលេខ៥ ខាងលិចបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នាភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ឬនៅមុខធនាគារ (AMK) និងមុខសាលាបឋមសិក្សាគោរដ្ឋានកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។
ជនសង្ស័យ មានៈ ១-ឈ្មោះ សឹង្ហ សំរិទ្ធទីណា ភេទប្រុស អាយុ ១៧ឆ្នាំ ។ តមក តាមចម្លើយរបស់ ទីណា សមត្ថកិច្ច ក៏បានបន្តឃាត់ខ្លួនឈ្មោះ ឆាន់ ហូលីហុង ហៅហុងខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមានដីកាចាប់ខ្លួនលេខ១២៩ ចខញ ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយចៅក្រមស៉ើបសួរ លោក គឹម ថៃមុនី ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ នគរបាលព្រហ្មទ័ណ្ឌខេត្ត បានកសាងឯកសារ ហើយនឹងបញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃទី១៧ ខែកញ្ញា ខាងមុខ ។
សូមរំលឹកថា លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងតាររងទទួលផែនព្រហ្មទណ្ឌ បានឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅនៅភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពី១ថ្ងៃ បន្ទាប់ពីកើតហេតុខាងលើ ។
ចំណែកលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថ្ងៃទី២ ខែកញ្ញា កន្លងមកថាៈ កងកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនក្មេងប្រុសទំនេីងក្នុងករណីខាងលើ បានជាបន្តបន្ទាប់ចំនួន ៥នាក់ រួមមាន: ១.ឈ្មោះ វណ្ណ វិសាល (ហៅយ៉ា) អាយុ១៩ឆ្នាំ, ២.ឈ្មោះ នេត នូ អាយុ១៦ឆ្នាំ, ៣. ឈ្មោះ ធូ សំណាង (ដែន) អាយុ១៧ឆ្នាំ ទាំងបីនាក់ ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ៤. ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) អាយុ១៦ឆ្នាំ ស្នាក់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ៥.ឈ្មោះ សែត ប៊ុនយ៉ុង អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
សូមរំលឹកថា កាលពីម៉ោងជិត ៥ ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខសាលាបឋម សិក្សាគោរដ្ឋាន ឬខាងលិចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យចំនួន២ក្រុម មានគ្នាជិត២០នាក់ ។
ក្នុងនោះមកទល់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៣ នេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនដៃដល់ និងបក្ខពួកក្មេងទំនើងបាន ៧ នាក់ហើយៗ នៅសល់ ១០ ប្លាយនាក់ទៀត ៕/V/r