ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការគូសរំលេចពីតួនាទីដ៏សំខាន់របស់ពាណិជ្ជកម្មក្នុង ការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមកនិងសកលភាវូបនីយកម្មគឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។សម្តេចបាន សង្កត់ធ្ងន់ថាការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខ សេដ្ឋកិច្ច ពិភពលោកនោះទេ ។

សម្តេចធិបតីបានគូសរំលេចបែបនេះនៅសេចក្តីថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ឆ្នាំ ២០២៣ក្រោមប្រធាន បទ«រួមគ្នាកសាងសហ គមន៍មួយប្រកបដោយភាពសុខដុម និង វាសនា តែមួយ» នាទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៣ ។

សម្តេចធិបតីបានថ្លែងថា៖នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់មនុស្សជាតិត្រូវបានធ្លាក់ចុះ, ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថា រំហូរពាណិជ្ជកម្មទំនិញនៅតែបន្តដំណើរការ ។ ក្នុងឆ្នាំ២០២១និង ២០២២ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀតដែលនេះបញ្ជាក់ពីតួនាទី ដ៏សំខាន់នៃពាណិជ្ជកម្មក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក ។ នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ,យើងកំពុងតែជួបប្រទះ នឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម ។

សម្តេចធិបតីថ្លែងថា៖«នៅត្រង់ចំណុចនេះ,ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹង ផ្អែកទៅវិញទៅមក និង សកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ។»

សម្តេចធិបតីបន្តថា៖ក្នុងន័យនេះ,អាស៊ាននិងចិនគឺជាតួអង្គដ៏សំខាន់ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញ ពីការពង្រឹងកិច្ចសហប្រតិ បត្តិការពហុភាគីដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម,ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ ៕