ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី ជា ផល្គុន នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងទិវាមនុស្សតថ្លង់កម្ពុជា លើកទី១១ និងអន្តរជាតិ លើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទបរិយាបន្នការងារ សម្រាប់មនុស្ស ថ្លង់ ដើម្បីការអភិវឌ្ឍ

ទិវានេះ មានការអញ្ជើញចូលរួមពីឥស្សរជន តំណាងក្រសួង ស្ថាប័ន អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ មនុស្សគថ្លង់ និងជនមាន ពិការភាពសរុបចំនួនប្រមាណ ៤០០នាក់ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯមច័ន្ទមករា បានមានប្រសាសន៍ថាៈ នៅលើពិភពលោក ទិវាមនុស្សតថ្លង់ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសប្រមាណ ១៣៣ លើពិភពលោក បាននឹងកំពុងបន្តរៀបចំ ព្រឹត្តិការណ៍នេះ។ ការរៀបចំទិវានេះ មានលក្ខណៈផ្សេងៗ តាមការនិយម តាមបែបប្រពៃណី និងទំនៀមទម្លាប់ខុសៗគ្នា ពីប្រទេសមួយទៅប្រទេសមួយ និងមានប្រធានបទផ្សេងៗគ្នា តាមឆ្នាំនីមួយៗ។ ប្រទេសខ្លះ បានរៀបចំជាការដង្ហែ ក្បួន ជាកិច្ចប្រជុំពិភាក្សា ការប្រគំតន្ត្រី សិក្ខាសាលាសន្និបាត មិទ្ទិញជាដើម។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថាៈ នៅព្រះរាជាណាចក្រកម្ពុជា ការរៀបចំទិវាមនុស្សតថ្លង់នេះ ត្រូវបានរៀបចំឡើង ក្នុងកម្រិតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដែលជាការបង្ហាញឱ្យឃើញ អំពីការគិតគូរយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលសាធារណជន សង្គមស៊ីវិល ក្រុមគ្រួសារ មិត្តភក្តិ ដើម្បីលើកទឹកចិត្ត ហើយបំពេញតាម តម្រូវការរបស់មនុស្សតថ្លង់ ព្រមទាំងបង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់មនុស្សតថ្លង់ នៅលើពិភពលោក។

ជាមួយគ្នានេះ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបន្តទៀតថាៈ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាមនុស្សតថ្លង់អន្តរជាតិ ដែលជាការទទួលស្គាល់ពី សារៈសំខាន់នៃមនុស្សគថ្លង់ ដែលជាសមាសភាពធនធានមនុស្ស និងមិនត្រូវបានមើលរំលង ដើម្បីឈានទៅសម្រេចឱ្យខាងតែបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ពិសេសជាការបំពេញ តាមការសន្យារបស់រដ្ឋជាភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមាន ពិការភាព និងស្របតាមទិសស្លោកមិនទុកឱ្យនរណាម្នាក់នៅ ដាច់ដោយឡែក

ថ្លែងក្នុងទិវានោះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី ដែលតែងបានផ្ដល់នូវក្ដី អាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតតួរខ្ពស់ពីសុខទុក្ខរបស់បងប្អូនជនមាន ពិការភាពគ្រប់រូប។

លោក ជា សុមេធី បានមានប្រសាសន៍បន្តថាៈ ការរៀបចំទិវានេះឡើង គឺជាការផ្តល់ ឱកាសជួបជុំគ្នា ក្នុងមួយឆ្នាំម្តង រវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបងប្អូនកូនក្មួយ មនុស្សតថ្លង់ ដែលជាការបង្ហាញ អំពីការផ្តល់សិទ្ធិ ក្នុងការចូលរួម ដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃមនុស្សតថ្លង់ ពិសេសធ្វើយ៉ាងណា ឱ្យមានបរិយាបន្តការងារ សម្រាប់មនុស្សគថ្លង់ ស្របតាមប្រធានបទ ក្នុងទិវានេះ ដែលជាការគិតគូរពីឧត្តមប្រយោជន៍របស់មនុស្ស ថ្លង់នៅកម្ពុជា។

លោក ជា សុមេធី បានសង្កត់ធ្ងន់ថាៈ រាជរដ្ឋាភិបាល បានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានា របស់ជនមានពិការភាពជាពិសេសបងប្អូនកូនក្មួយ ក្រុមគ្រួសារ

មនុស្សតថ្លង់។ ឈរលើបរិការណ៍ និងស្មារតីទទួល ខុសត្រូវនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃបំផុតរបស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើកិច្ច

ការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាព ក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈ ពេលវែង សម្រាប់អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។

លោក ជា សុមេធី បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាព ពិសេសមនុស្សគថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព និងឯកសារ គតិយុត្តិទាំងឡាយ ពាក់ព័ន្ធនឹងពិការភាព ឱ្យក្លាយជាការពិត។

គួរបញ្ជាក់ផងដែរថា ទិវានេះផ្ដល់ឱកាសដើម្បីគាំទ្រ និងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃវប្បធម៌ របស់អ្នកប្រើប្រាស់ភាសាសញ្ញា ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោក។ ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់ សម្រាប់មនុស្សគថ្លង់ ដើម្បីបង្ហាញពីខ្លួនឯង ភ្ជាប់ទំនាក់ទំនង ជាមួយអ្នកដទៃ និងចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។ ការប្រើប្រាស់ភាសាសញ្ញា ក៏មានសារៈសំខាន់ផងដែរ ក្នុងការធានាការទទួល បានព័ត៌មាន និងការទទួលបាន នូវសេវាកម្មនានា រាប់បញ្ចូលទាំងក្នុងគ្រាពេល មានអាសន្ន ដែលជាការបំពេញនូវសិទ្ធិ សម្រាប់មនុស្សតថ្លង់ ជាង ៧០ លាននាក់ នៅជុំវិញពិភពលោក៕/V-PC