ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវនាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ២០២៣ នេះបានអញ្ជើញកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជាក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន ។
នៅក្នុងពិព័រណ៍នេះកម្ពុជាបានដាក់បង្ហាញពន្លាជាតិទំហំសរុប១៨០ម៉ែត្រការ៉េនៅក្នុងតំបន់B,សាងសង់ផ្ទះរួមមួយទំហំ៣៦ម៉ែត្រការ៉េនៅតំបន់ Dនិងមានស្តង់ពាណិជ្ជកម្មចំនួន ៨៤ ស្តង់។ពន្លានេះបានរៀបចំតុបតែងលម្អ ពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រនៃរាជធានីភ្នំពេញបច្ចុប្បន្នដើម្បីទាក់ទាញអ្នកទស្សនា។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថាក្នុង ពិព័រណ៍ ចិន-អាស៊ានលើកទី២០ មានក្រុមហ៊ុនកម្ពុជាទៅចូលរួមចំនួ ៥៥ ក្រុមហ៊ុនកម្ពុជាជាប់លំដាប់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេសចូលរួមចំនួន៤០ប្រទេស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់និងបងប្អូនអាជីវករដែលបានប្រឹងប្រែងក្នុងការរៀបចំនិង នាំយកផលិតផលរបស់កម្ពុជាមកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី “ពិព័រណ៍អាស៊ាន-ចិន លើកទី២០”ដែលត្រូវបានរៀប ចំឡើងចាប់ពីថ្ងៃទី ១៧-១៩ កញ្ញា ២០២៣នៅទី ក្រុងណាននីងសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះសម្តេចធិបតីក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយ ភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជាក៏ដូចជាសហការនិងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ដើម្បីរៀបចំការនាំយកផលិតផលរបស់ កម្ពុជាមកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ ទាញនិងសម្រេចបានលទ្ធផលល្អប្រសើរ។
សម្តេចបន្តថាកិច្ចការនេះគឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាពនិងវប្បធម៌ជាតិនៅលើឆាកអន្តរជាតិតាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេ ស ឱ្យបានស្គាល់ផលិតផល ខ្មែរក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា ។ មួយវិញទៀតព្រឹត្តិការណ៍នេះគឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែ មានសន្ទុះខ្ពស់ឡើងជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ៕