ដោយៈសុវណ្ណនរិន្ទសូរ្យ/ភ្នំពេញ៖​នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ នេះ ចំនួនប្រាំមួយចំណុច សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត។ ក្នុងនោះការរៀប​ចំ​ដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ គឺជាអាទិភាពមួយ ក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអំពីការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស​វិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្រប​សម្រួល​ជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ។ ក្នុងនោះ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព​ការងារនៅកន្លែងការងារ ក៏ត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍សម្រាប់បងប្អូនកម្មករនិយោជិត។
នេះ គឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាល បន្ថែមលើការកសាងធនធានមនុស្ស ដែលស្ថិតក្នុងអាទិភាពគន្លឹះទាំង ៥ ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

កម្មវិធីថ្មីនេះ ក្រៅតែពីបង្រៀនឱ្យយុវជន មានជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏អាចបង្កើនចំណេះ និងជំនាញបន្ថែមដល់កម្មករនិយោជិត ពិសេសកម្មករកាត់ដេររបស់យើង។ ពោលគឺប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករ​និយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ ប្រាកដជានឹងទទួល​បានការងារល្អជាងមុន ហើយក៏ច្បាស់ណាស់ថែមទៀត នឹងទទួលបានប្រាក់ខែច្រើនជាងមុន។
និយាយឱ្យងាយស្តាប់ បើសិនជាយុវជន ដែលទើបចេញពីសាលា ដែលរៀនចប់ត្រឹមមធ្យមសិក្សា ឬក៏ប្រឡងបាក់ឌុបធ្លាក់ ស្ថិតក្នុងគ្រួសារ​ក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាព ដែលអាចចុះឈ្មោះចូលរួមជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាកម្មវិធីអាទិភាពមួយរបស់ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្រៀនរួចហើយនូវជំនាញ ក្នុងវិស័យកម្មន្តសាល វិស័យសំណង់ វិស័យអគ្គិសនី វិស័យ​មេកានិករថយន្ត សេវាកម្មធុរកិច្ច និងបរិក្ខាត្រជាក់ និងក្តៅ។
ក្រៅពីជំនាញក្នុងវិស័យគោលទាំងនេះ អំឡុងពេលបើកវគ្គបណ្តុះបណ្តាលពិសេស ១,៥លាននាក់ ក៏អាចបង្កើតជំនាញក្នុងវគ្គសិក្សា​រយៈ​ពេលខ្លីនូវជំនាញជួសជុលម៉ូតូ ជាងទឹកភ្លើង ជាងម៉ាស៊ីនត្រជាក់ ខាងសំអាង សាឡន ឬក៏ជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈ ជាដើម។
សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា មានចំនួន ១០៧។ ក្នុងនោះ មានគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ ចំនួន ៣៧ នៅទូទាំង ២៥រាជធានីខេត្ត។ ក្នុងនោះ ក្រសួង ក៏បានបង្កើតទីតាំងបណ្តុះបណ្តាលជំនាញពហុបច្ចេកទេសវិជ្ជាជីវៈ ច្រើនទីតាំង មាននៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប នៅខេត្តបាត់ដំបង នៅកំពង់ធំ និងនៅខេត្តបន្ទាយមានជ័យ ជាដើម។

ក្រៅពីកន្លែងបណ្តុះបណ្តាលជំនាញថ្មី សម្រាប់យុវជន នៅតាមទីតាំងខាងលើនេះ កម្មករនិយោជិត ពិសេសកម្មករកាត់ដេរ ដែលកំពុង​ធ្វើការងារប្រចាំថ្ងៃ គឺនៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីនេះ នៅតាមរាជធានីខេត្ត គឺបង​ប្អូនកម្មករនិយោជិតយើង អាចឆ្លៀតពេលទំនេរពីការងារ ឬនៅម៉ោងចេញពីធ្វើការងាររៀងរាល់ថ្ងៃ ឬក៏នៅថ្ងៃអាទិត្យចុងសប្តាហ៍ ចូលរៀន​ជំនាញណាមួយ ដោយឥតគិតថ្លៃ។ រៀនចប់ មានជំនាញច្បាស់លាស់ កម្មករនិយោជិតយើង អាចផ្លាស់ប្តូរការងារ ពីកម្មករ ដែលប្រើ​កម្លាំងសុទ្ធទៅជាកម្មករនិយោជិត ដែលមានជំនាញ ហើយទទួលបានប្រាក់ខែខ្ពស់ជាងមុន។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា ប្រទេសកម្ពុជាយើង ក៏កំពុងមាននិន្នាការនៃការកើន​ឡើងចំនួន​ប្រជាជនគួរកត់សម្គាល់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ពោលគឺកើនឡើងពីប្រមាណ ១១,៤លាននាក់ ដល់ ១៦,៨លាននាក់ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ ឬមានអត្រាកំណើនមធ្យមប្រចាំឆ្នាំប្រមាណ ១,៦%។ នៅកម្ពុជាយើង និន្នាការកើនឡើងនូវអត្រា​ប្រជាជន ក្នុងវ័យធ្វើការអាយុចន្លោះ ១៥ឆ្នាំ ទៅ ៦៤ឆ្នាំ កាន់តែច្រើន ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវបង្កើតការងារថ្មីប្រមាណពី ២០ ទៅ ៣០ម៉ឺនកន្លែង ក្នុងមួយឆ្នាំ។

ក្រសួងការងារក៏បានប្រកាសថា នៅប្រទេសកម្ពុជាយើង អត្រាមានការងារធ្វើ មានប្រមាណ ៩៩,៣ភាគរយ និងមានកម្លាំងពលកម្ម ទាំង​ក្នុងនិងក្រៅប្រទេស ១០.៨លាននាក់។ក្នុងនោះ ការងារក្នុងប្រទេស ផ្នែកឧស្សាហកម្ម ២.៥លាននាក់ កសិកម្ម ៣.៤លាននាក់ សេវាកម្ម ៣.‌១លាននាក់ និងមន្ត្រីសាធារណៈ ៥០ម៉ឺននាក់។ រីឯពលករទេសន្តរប្រវេសន៍ ឬពលករកម្ពុជាចំណាកស្រុក មានប្រមាណ ១.៣លាននាក់ ខណៈដែលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ មានជាង ៨៣ម៉ឺននាក់។

ដូច្នេះដើម្បីឆ្លើយតបនឹងក្តីប្រាថ្នាកាន់តែខ្ពស់ ក្នុងការមានការងារកាន់តែមានគុណភាព ប្រាក់ចំណូលកាន់តែកើនខ្ពស់ និងជីវភាពកាន់តែ​ប្រសើរ ច្បាស់ណាស់ទាមទារឱ្យយុវជនយើង ពិសេសកម្មករនិយោជិត រួមទាំងកម្មករកាត់ដេរផង ត្រូវតែសង្វាត ចូលរៀន ដើម្បីបង្កើន​ចំណេះដឹង និងជំនាញ។ យុវជនយើង រួមទាំងកម្មករនិយោជិត ត្រូវតែឆ្លៀតពេលចាប់យកជំនាញ។ ក្នុងនោះ ក្រៅតែពីជំនាញបច្ចេក​ទេសវិជ្ជាជីវៈ ភាសាបរទេស ដូចជា រៀនភាសាចិន ជប៉ុន កូរ៉េ ឬអង់គ្លេស ជាដើម រួមផ្សំនឹងចំណេះដឹងខាងបច្ចេកវិទ្យាឌីជីថលផង ក៏សុទ្ធតែជាជំនាញ ដែលកម្មករនិយោជិត មិនអាចមើលរំលងឡើយ៕srn