ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។នេះតាមការឱ្យដឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

មុនដំណើទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃចាប់ផ្តើម   លោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជានៅចុងខែកញ្ញាខាងមុខនេះ។

ការពិភាក្សានេះ ក្នុងអំឡុងពេលដែលលោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងបាងកក ពីថ្ងៃទី១៤១៥ ខែកញ្ញា   តបតាមការញ្ជើញរបស់លោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ

នៅក្នុងឱកាសទស្សនកិច្ចការងារនេះ លោកស្រីបណ្ឌិត  សឿង រដ្ឋចាវី និង លោកសារ៉ាន់ ចារើនសុវណ្ណ បានពិភាក្សាអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យដូចជា នយោបាយ សន្តិសុខសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិសយ័របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រទាំងពីរនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ។

សូមជម្រាបថា ព្រះមហាក្សត្រថៃបានតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ពោលគឺលោក សេដ្ឋា ថាវីស៊ីន  ជានាយករដ្ឋមន្រ្តីទី៣០ ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីកាលពីថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣៕សរន-pc