ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា នាំផលិតផលកសិកម្ម ចេញទៅលក់ក្រៅ ប្រទេសជាច្រើន រួចមកនេះ ក្រុមអង្គការសង្គមស៊ីវិល រំពឹងថា នៅថ្ងៃខាងមុខនេះ ផលិតផល ក្រោយប្រមូលផល ស្តីពីអាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម មានសារៈសំខាន់ណាស់ ក្នុងប្រកួតប្រជែងជាមួយ ផលិតផលក្នុងស្រុក និងប្រទេសជិតខាង។ អាហារសុវត្ថិភាពនេះ នឹងត្រូវយកទៅប្រកួតប្រជែង នៅលើទីផ្សារ ជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ ។
នេះជាការបញ្ជាក់ប្រាប់ពីសំណាក់ លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការយូនីដូ (UNIDO) នៅក្នុងដំណើរទស្សនកិច្ច របស់អ្នកសារព័ត៌មាន ១៩ ស្ថាប័ន ទៅកាន់ សហគ្រាសជលផល ក្រោយប្រមូលផល នៅតាមបណ្តារាជធានី-ខេត្ត ចំនួន៣គឺ ខេត្តកណ្តាល កំពង់ធំ និងសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ទាក់ទិនក្នុងរឿងនេះ លោក បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ភាពជាសារវន្ត នៃវិស័យជលផល ដែលជាផ្នែក មួយយ៉ាងសំខាន់ និងជាសសរស្តម្ភ ក្នុងការអភិវឌ្ឍវិស័យជលផល ហើយបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋ ជាង៣ម៉ឺននាក់ ក្នុងតំបន់នេសាទ។ ក្រៅពីនេះ ពលរដ្ឋដែលប្រកបរបរនេសាទ ដោយ ផ្ទាល់ជាមួយនឹងការនេសាទ ក៏មាន ចំនួន ៣០ ម៉ឺននាក់ថែមទៀត។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយករដ្ឋបាលជលផល បានបញ្ជាក់ប្រាប់ថាៈ គម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាស ចំនួន ២៨ ជាជំនួយបច្ចេកទេស និង សម្ភារបរិក្ខារ ទៅដល់សហគ្រាសនីមួយៗ ដែលមានតម្លៃ ចាប់ពី ២៥ ០០០ ដុល្លារ ដល់ ១០០ ០០០ ដុល្លារអាមេរិក ដើម្បីកែលម្អ ប្រតិ្តបត្តិការអាជិវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ CQS ។
លោកបានពន្យល់ប្រាប់ផងថាៈ ” មកទល់ពេលនេះ សហគ្រាសចំនួន ៨ ទទួលបាន CQS ដែលក្នុងនោះ CQS ពេញលេញ ចំនួន៤ និង CQS ធម្មតាចំនួន៤ ។ នេះមានន័យថា ផលិតផលដែលមានបិទស្លាកសញ្ញា CQS គឺកំពុងមានវត្តមាន នៅលើទីផ្សារកម្ពុជា នៅពេលយើងទៅជាវទំនិញនៅទីផ្សារ សូមកុំភ្លេចស្វែងរកមើល និងជាវផលិតផល ដែលមានបិទស្លាកសញ្ញា CQS ដែលជាផលិតផលមួយ មានគុណភាព និងសុវត្ថិភាព សម្រាប់ក្រុមគ្រួសារអ្នក”។
បន្ថែមពីនេះ លោកបានមានប្រសាសន៍ថាៈ រដ្ឋបាលជលផល និងក្រសួងកសិកម្ម បានយកចិត្តទុកដាក់ ផ្តល់ពូជល្អ កាត់បន្ថយថ្លៃដើម ចំណេញពេលវេលា ខណៈធនធាន ជលផល ក្រោយប្រមូលផលពីធម្មជាតិ និងផលដែលទទួលបានពីវារីវប្បកម្ម ត្រូវបានរក្សា និងយកទៅកែច្នៃអាហារសុវត្ថិភាពបន្ថែម ដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាៈ សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់ សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការអាហារ ១ថ្ងៃ ៣ពេល ។ ករណីនេះ រដ្ឋបាលជលផល បានសហការជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នា ដោយ FiA និង UNIDO ក្រោមសហ ហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារ ឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់ មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែង នៅលើទីផ្សារជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកំពឹសបង្កក និងអន្ទង់បង្កក ១ កុងតឺន័រ ទៅកាន់ទីផ្សារប្រទេសចិន ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន ដែលបានប្រមូលទិញ ផលិតផលជលផលធម្មជាតិ ពីប្រជានេសាទខ្មែររួចមក។ ដោយឡែក សម្រាប់ការនាំចេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ របស់កម្ពុជា ទៅកាន់ទីផ្សារចិនវិញ មានត្រីប្រា ១តោន ត្រីចិញ្ចឹម ១៤តោន ,ត្រីធម្មជាតិ ១១តោន និងបង្កងកណ្តូបចំនួន ៤៥ គីឡូក្រាម៕/V/r