ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រ ប្រទេសថៃ បានសន្យាដាក់ប្រ ភេទកីឡានេះ ទៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៥។
ការអះអាងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡា ទាញព្រ័ត្រអាស៊ី (Executive Meeting of ATWF) ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កន្លងមកនេះ។
លោក គង់ សុភាព លេខាធិការរងសហព័ន្ធ បានប្រាប់ឲ្យដឹងថាៈ កិច្ចប្រជុំគណៈកម្មា ធិការប្រតិបត្តិសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ដឹកនាំដោយ លោក Madam Mohan អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី និងប្រទេសចូលរួម ជាសមាជិក ចូលរួមប្រជុំ ចំនួន ៩ប្រទេស រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ ឥណ្ឌា នេប៉ាល់ ស្រីលង្កា វៀតណាម ប៊្រុយណេ និងតៃវ៉ាន់ ។
លោកអគ្គលេខារង បានបន្តថាៈ ឆ្លងរបាយការណ៍អនុវត្តការងារ ៤ ឆ្នាំកន្លងមក របស់ សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី និងកិច្ចប្រជុំ ស្តីការត្រៀមរៀបចំការប្រកួតកីឡាទាញ ព្រ័ត្រអាស៊ីលើកទី១៥ ឆ្នាំ២០២៣ និងត្រៀមដាក់វិញ្ញាសា ប្រកួតក្រៅសាល ក្នុងស្រាល និងឆ្នេរខ្សាច់ ។ ការស្នើសុំបញ្ចូលកីឡាទាញព្រ័ត្រ ទៅក្នុងការប្រកួតកីឡាសិស្ស-និសិ្សត អាស៊ី ជាដើម។
លោកបានបន្ថែមទៀតថាៈ ដោយមានការពិភាក្សា និងសមាជិកអង្គប្រជុំ បានស្នើឲ្យ សហព័ន្ធកីឡាទាញព្រ័តអាស៊ី ស្នើសុំទៅសហព័ន្ធកីឡាសិស្ស និស្សិតអាស៊ី ដើម្បីបញ្ចូលវិញ្ញាសាកីឡាទាញព្រ័ត្រ ទៅក្នុងការ ប្រកួតកីឡាសិស្ស-និស្សិត ខណៈប្រទេសថៃ បានលើកឡើងថា ការប្រកួតកីឡា SEA GAME លើក ទី៣៣ ឆ្នាំ២០២៥ ប្រទេសថៃ នឹងដាក់បញ្ចូលប្រភេទកីឡាទាញព្រ័ត្រ និងឯកភាពគ្នា ក្នុងការស្នើសុំការដាក់បញ្ចូលកីឡាទាញព្រ័ត្រ ក្នុងកីឡាសិស្ស-និសិ្សត ។
អង្គប្រជុំ បានពិភាក្សា និងសមាជិកអង្គប្រជុំ បានលើកឡើងថាៈ ចំពោះការត្រៀមរៀបចំ ប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកអាស៊ី លើកទី១៥ ក្នុងឆ្នាំ២០២៣ នេះ គឺមានរយៈពេលខ្លី ដូច្នេះតាមបណ្តាប្រទេសជាសមាជិក សុំលើកការប្រកួតនេះ ទៅធ្វើនៅឆ្នាំ២០២៤ វិញ និងអង្គប្រជុំ បានស្នើប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ប្រភេទកីឡាទាញព្រ័ត្រ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុង បញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥៕/V/r