ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហភាពអឺរ៉ុបបានបង្ហាញផែនការបន្ទាន់មួយសម្រាប់អ៊ីតាលីកាលពីថ្ងៃអាទិត្យដើម្បីជួយប្រទេសនេះដោះស្រាយការមកដល់របស់ជនចំណាកស្រុក បន្ទាប់ពីមនុស្សច្រើនឡើងបានចូលមកដល់កោះឡាំប៉េឌូសា (Lampedusa) របស់ខ្លួនកាលពីសប្តាហ៍មុន។
ការកើនឡើងនៃអ្នកស្វែងរកសិទ្ធិជ្រកកោននៅលើកោះឡាំប៉េឌូសារបស់អ៊ីតាលីបានជំរុញឱ្យមានការជជែកវែកញែកដ៏ខ្លាំងក្លាឡើងវិញនៅក្នុងទ្វីបអឺរ៉ុបអំពីរបៀបចែករំលែកការទទួលខុសត្រូវសម្រាប់មនុស្សរាប់ម៉ឺននាក់ដែលបានមកដល់ទ្វីបនេះជារៀងរាល់ឆ្នាំ។
ដោយផ្តល់ជូននូវផែនការ១០ចំណុចដើម្បីជួយរដ្ឋាភិបាលក្រុងរ៉ូមដោះស្រាយវិបត្តិ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេន (Ursula von der Leyen) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកោះឡាំប៉េឌូសាយ៉ាងដូច្នេះថា “ការធ្វើចំណាកស្រុកមិនទៀងទាត់គឺជាបញ្ហាប្រឈមរបស់អឺរ៉ុបហើយវាត្រូវការចម្លើយរបស់អឺរ៉ុប”។
ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍មុន មនុស្សប្រហែល ៨.៥០០ នាក់ ដែលច្រើនជាងប្រជាជនមូលដ្ឋានទាំងមូលរបស់កោះនេះ បានមកដល់តាមទូកប្រហែល ២០០ គ្រឿង នេះបើយោងតាមទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ។
កោះឡាំប៉េឌូសានៅចុងភាគខាងត្បូងរបស់អ៊ីតាលី បានក្លាយជាចំណុចចូលចតសម្រាប់ទូកជនចំណាកស្រុកមកពីអាហ្វ្រិកខាងជើងជាយូរមកហើយ។ ប៉ុន្តែក្រុមមន្ត្រីនៅសប្តាហ៍នេះបាននិយាយថា មជ្ឈមណ្ឌលចំណាកស្រុករបស់ខ្លួន ដែលសាងសង់ឡើងសម្រាប់មនុស្សតិចជាង ៤០០ នាក់ គឺទប់មិនឈ្នះទេ។
លោកស្រី ចចចា មេឡូនី (Giorgia Meloni) នាយករដ្ឋមន្ត្រីអ៊ីតាលីបាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោកស្រីវ៉ុន ដឺ ឡេន នៅលើកោះឡាំប៉េឌូសា ថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន”។
លោកស្រីមេឡូនី ដែលបានអំពាវនាវឱ្យដៃគូ EU របស់អ៊ីតាលីទទួលយកបន្ទុកជនចំណាកស្រុកបន្ថែមទៀត។
កាកបាទក្រហមអ៊ីតាលី ដែលគ្រប់គ្រងមជ្ឈមណ្ឌលចំណាកស្រុកឡាំប៉េឌូសាដ៏ច្រើនលើសលប់ បាននិយាយកាលពីថ្ងៃអាទិត្យថា ជនចំណាកស្រុកចំនួន ១.៥០០ នាក់នៅតែកំពុងនៅទីនោះ បើទោះបីជាមានសមត្ថភាពផ្ទុកត្រឹមតែ ៤០០ នាក់ក៏ដោយ។
កាកបាទក្រហមបាននិយាយថា ការផ្ទេរជនចំណាកស្រុកទៅស៊ីស៊ីលី (Sicily) និងដីគោកមិនអាចតាមទាន់ជាមួយនឹងលំហូរអ្នកមកដល់ថ្មីទេ ទោះបីជាការផ្ទេរបន្ថែមទៀតរំពឹងធ្វើឡើងកាលពីថ្ងៃអាទិត្យក៏ដោយ៕
នាយករដ្ឋមន្ត្រីអ៊ីតាលី (ស្តាំ)អមដំណើរប្រធានគណៈកម្មការអឺរ៉ុបទៅមើលស្ថានភាពជមចំណាកស្រុកនៅកោះឡាំប៉េឌូសា
ជនចំណាកស្រុកនៅលើកោះឡាំប៉េឌូសាកាលពីថ្ងៃអាទិត្យ