ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ កញ្ញា ២០២៣ វេលាម៉ោង ៤ៈ៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា។
នេះបើតាមលិខិតចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ចុះហត្ថលេខា ដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លិខិត បានសរសេរថាៈ “ កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ច របស់កូនខ្មែរគ្រប់ៗរូប ” ។
លិខិត បានបន្តថាៈ ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជននៅខេត្តបន្ទាុយមានជ័យ និងក៏ដូចជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងពិភពលោក ដែលកេរមរតកវប្បធម៌ អតីតរាជធានីខ្មែរ បុរាណឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្ន ហៅថា កោះកេរ កសាង ក្នុងសតវត្សទី១០ (៩២៨–៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោ ជាសកល ដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕/V-PC