ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ កញ្ញា ស្អែកនេះ ហើយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិនក្រុមបាល់ទះកម្ពុជា ប្រកួតជាមួយឥណ្ឌា។
កម្ពុជាស្ថិតនៅពូល C ជាមួយឥណ្ឌា និងសាធារណរដ្ឋកូរ៉េ។ បន្ទាប់ពីជំនួបជាមួយក្រុមឥណ្ឌាហើយនោះ កម្ពុជានឹងបន្តជួបជាមួយកូរ៉េខាងត្បូង នៅថ្ងៃទី២១ កញ្ញា ដែលជាវគ្គ ជម្រុះក្នុងពូលចុងក្រោយ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ កម្ពុជា បានគូសបញ្ជាក់ថាៈ តាមរយៈលទ្ធផលដែលក្រុមបាល់ទះកម្ពុជា ដណ្តើមបាន មេដាយសំរឹទ្ធស៊ីហ្គេម ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងមេដាយប្រាក់ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រុមបាល់ទះកម្ពុជា នឹងបង្ហាញខ្លួន សារជាថ្មី នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន ដែលកម្ពុជាខកខានចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ អស់រយៈកាលជាង ៥០ ឆ្នាំមកហើយនោះ។
សូមបញ្ជាក់ថា ពេលនេះ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា កំពុងតែហ្វឹកហាត់នៅប្រទេសចិនស្រាប់។ ប្រភេទកីឡាបាល់ទះបុរស មាន១៩ប្រទេស ចូលរួម ដោយត្រូវបាន បែងចែកជា ៦ពូល ដោយក្នុង១ពូលៗ មាន៣ ក្រុម ស្មើៗគ្នា លើកលែងតែពូល F មួយប៉ុណ្ណោះ ដែលមាន ៤ ក្រុម៕/V-PC