ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី បានប្រកួត ចាញ់កីឡាករ រុស្ស៊ី Abdulla Kurbanov ដោយពិន្ទុ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសស៊ែប៊ី។
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធាន សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលដឹកនាំកីឡាករស៊ូ បាលី ប្រកួតជើងឯកពិភពលោក នៅប្រទេសស៊ែប៊ី បានគូសបញ្ជាក់ថាៈ កីឡាករ ស៊ូ បាលី បានប្រកួតចាញ់ការប្រកួត ដំបូងជាមួយកីឡាករហ្ស៊កហ្ស៊ី Geno Petriashvili ដែលជាម្ចាស់មេដាយមាស កីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន និងបន្តចាញ់ការប្រកួតកីឡាកររុស្ស៊ី។
ទោះជាយ៉ាងណា លោកបានចាត់ទុកថាៈ នេះជាលើកដំបូង សម្រាប់កម្ពុជា ដែលបានចូលរួមប្រកួតជើងឯកពិភពលោក ហើយយើងបានប្រយុទ្ធយ៉ាងល្អ ដោយដណ្តើមបានពិន្ទុខ្លះ ជាមួយនឹងម្ចាស់ជើងឯកពិភពលោក។
លោកបានបន្ដថាៈ វាជាបទពិសោធន៍ដ៏ល្អ ហើយតាមរយៈ ការប្រកួតនេះ នឹងជួយ អត្តពលិកកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ី (Asia Games) លើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ បានសង្កត់ធ្ងន់ថាៈ លទ្ធផលប្រកួតរបស់ស៊ូ បាលី ជាមួយនឹងកីឡាករហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាស កីឡាអូឡាំពិក គឺជាលទ្ធផលមួយ មិនអាក្រក់នោះទេ គឺកម្ពុជាធ្វើបានលទ្ធផលល្អគ្រាន់បើ ដោយសារ កម្ពុជាបានប៉ះប្រកួតដំបូង ជាមួយកីឡាករខ្លាំង ក្នុងប្រភេទកីឡាអូឡាំពិក ដែលជាម្ចាស់ មេដាយមាសកីឡាអូឡាំពិក។
ក្រៅពីបេសកកម្ម ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ ប្រភេទកីឡាចំបាប់កម្ពុជា នឹងមានបេសកកម្មថ្មីមួយទៀត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន នាចុងខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយកម្ពុជា កំពុងត្រៀមលក្ខណៈសម្បត្តិទ្រង់ទ្រាយធំ ចូលរួមប្រកួតប្រជែងមេដាយ លើ ១៧ ប្រភេទកីឡា ក្នុងនោះ កីឡាចំបាប់កម្ពុជា ក៏ត្រៀមសមាសភាព គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ១៧ នាក់ ដែលក្នុងចំនួននេះ មានកីឡាករ ៩ នាក់ និងកីឡាការិនី ៥នាក់៕/V-PC