ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមាន ជ័យ និងមន្ត្រីអធិការកិច្ច ព្រមទាំងមន្ត្រីគណៈសង្ឃ បានចុះបេសកកម្ម ធ្វើអធិការកិច្ច ត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា នៅតាមបណ្ដាវត្តអារាមនានានៅក្នុងស្រុកមង្គលបុរី និងស្រុកឯទៀត នៃខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំសិក្សា ២០២៣ –២០២៤ នេះ។
ក្នុងការចុះធ្វើអធិការកិច្ចត្រួតពិនិត្យ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមន្ត្រីសង្ឃខេត្ត រួមមាន ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត ព្រះឃោសរ័ត្ត យី យ៉ុន ព្រះធម្មធរគណខេត្ត និងជាគ្រូពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម និងព្រះចៅអធិការ អាចារ្យ គណៈកម្មការ និងព្រះមន្ត្រីសង្ឃ សូមចូលរួមសហការ ដើម្បីសម្រេចបានដោយភាពជោគជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានឱ្យដឹង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថាៈ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនដ៏មានសក្ដានុពល នៅថ្ងៃអនាគត ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ការសិក្សារបស់ សមណៈសិស្ស ត្រូវខិតខំឧស្សាហ៍រៀនសូត្រ ។
លោក បៀវ ថាន បាននិយាយថាៈ យោងតាមប្រកាសលេខ២២៥/២២ របស់អគារ ធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្រាប់ឆ្នាំសិក្សា២០២៣ ២០២៤ គឺសំដៅពង្រឹងការសិក្សា របស់សមណៈសិស្ស នៅតាមបណ្ដាវត្ត ឲ្យប្រព្រឹត្តទៅប្រកបដោយគុណភាព មានចំណេះដឹង យ៉ាងពិតប្រាកដ ដើម្បីបានក្លាយជាធនធានមនុស្សសម្រាប់បម្រើ ប្រទេសជាតិ និងគ្រួសារ។
មន្ត្រីធម្មការ និងមន្ត្រីសង្ឈ បានសង្កេតឃើញថា សមណៈសិស្ស កំពុងសិក្សារៀនសូត្រ មានចាប់ពីថ្នាក់មត្តេយ្យទីមួយ ទីពីរ និងទីបីដល់ទី៦ បានរលូន បើសិនមិនបានរៀនសូត្រនោះទេ ពេលដែលលាចាកសិក្ខាបទ បុគ្គលនោះ គេក្លាយជាបុគ្គលល្ងង់ខ្លៅ ជាពុំខាននេះគឺជារឿងពិត។
ព្រះឧត្តមសីលញ្ញាណ សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាផ្ដាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ ត្រូវបន្តដើរតួនាទីបុគ្គលនាំមុខគេ ឪពុកម្ដាយទីពីរ ជាមគ្គុទ្ទេស ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ គឺទាំងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន មកបង្ហាត់បង្រៀន ដល់សមណៈ សិស្សឲ្យមានចំណេះដឹងទូលំទូលាយដើម្បីក្លាយខ្លួនជាអ្នកបន្តវេនមានសក្ដានុពលនាពេលអនាគត ៕/V-PC