ដោយៈភ្នំសន្ទុក/កំពង់ធំ៖ ដើម្បីរួមចំណែកលើកកម្ពស់គុណភាព សីលធម៌ និង ការអប់រំ ក្នុងវិស័យសង្គមព្រះពុទ្ធសាសនាឱ្យកាន់តែទូលំទូលាយថែមទៀតនោះ សមាគមជីវិត និងក្ដីសង្ឍឹម ដែលដឹកនាំដោយព្រះសង្ឃមួយក្រុមមកពីក្រុងស្ទឹងសែន និងស្រុកកំពង់លែង បានរៀបចំកម្មវិធី ផ្សព្វផ្សាយអប់រំបរិយាយអំពី ព្រះគុណម៉ែពុក តាមបែបព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សចំនួន៧៧៤នាក់ នៅក្នុងសាលាវិទ្យាល័យតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។


លោកគ្រូ ឌួង វ៉ិត នាយកសាលាវិទ្យាល័យតាអោក បានឱ្យដឹងថា កម្មវិធីអប់រំសិលធម៌សង្គមបែបព្រះពុទ្ធសាសនានេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់វិស័យអប់រំ ពិសេសក្នុងវិទ្យាល័យរបស់លោកតែម្ដង ព្រោះកម្មវិធីនេះ គឺមានព្រះសង្ឃដឹកនាំរៀបចំកម្មវិធីដោយផ្ទាល់។ អ្វីដែលសំខាន់បំផុតនោះគឺកម្មវិធីនេះ បាននិងកំពុងឆ្លើយតបទៅនឹងបរិយាកាសសង្គមបច្ចុប្បន្នដែលគេសង្កេតឃើញថា មានសាលារៀនមួយចំនួនតូចកំពុងបង្ហាញពីការធ្លាក់ចុះនៃតម្លៃសីលធម៌  គុណធម៌។ ម្យ៉ាងទៀតកម្មវិធីនេះ គឺកំពុងចង់បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ជារួម លើអប់រំបែបព្រះពុទ្ធសាសនា មានការប្រកាន់ភ្ជាប់នៅ គុណធម៌ សីលធម៌ និងវប្បធម៌របស់សង្គមខ្មែរយើង។

លោកនាយកបានបន្តឱ្យដឹងថា នេះជាលើកទីមួយដែលដែលសាលារបស់លោកទទួលបានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសមាគម ជីវិត និងក្ដីសង្ឍឹម ដែលដឹកនាំដោយព្រះតេជគុណ ហឿន វិរៈ និងព្រះតេជគុណ រាជ សារុំ ព្រមទាំងមន្ត្រីសង្ឃជាច្រើនព្រះអង្គទៀត ក្នុងការចុះមកធ្វើកម្មវិធីអប់រំបរិយាយអំពីព្រះគុណម៉ែពុកតាមបែបព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សទូទាំងសាលាវិទ្យាល័យតាអោក។

ជាមួយគ្នានេះដែ លោកឌួង វ៉ិត  ក៍បានបញ្ជាក់បន្ថែមថា កម្មវិធីនេះគឺល្អណាស់ សំរាប់អប់រំទូន្មានប្រៀនប្រដៅដល់យុវជន ដែលព្រះតេជគុណ លោកបានបញ្ចូលបន្ថែមលើប្រធានបទផលប៉ះពាល់នៃគ្រឿងញៀន  ការគេចសាលា ពពាក់ពពួន បង្កភាពអណាធិបតេយ្យនៅតាមទីសាធារណះ ហើយលោកគ្រូ ក៍សូមសំណួមពរឱ្យមានកម្មវិធីនេះបានច្រើន តាមដែលអាចធ្វើទៅបាន ។

ឆ្លើយតបទៅនឹងកម្មវិធីខាងលើនេះ លោកស្រី ហ៊ុយ ស៊ីគន បានលើកឡើងថា គាត់ពិតជារំភើបរីករាយណាស់ ដែលព្រះសង្ឃព្រះអង្គលោកយកព្រះទ័យទុកដាក់គិតគូរខ្ពស់ និងរៀបចំឱ្យមានកម្មវិធីនេះឡើង ហើយពួកគាត់ជាឪពុកម្ដាយពិតជាសប្បាយចិត្តជាខ្លាំង នៅពេលឃើញកូនៗចេះ និងយល់ដឹងកាន់តែច្បាស់ ពីគុណរបស់ម៉ែឪ និងស្គាល់ពីតំលៃនៃការអប់រំទូរន្មានប្រៀនប្រដៅរបស់ម៉ែឪ  ហើយពួកគាត់ក៍ស្នើរសុំឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ទៀត ។

សូមបញ្ជាក់ថា កម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនានេះ គឺជាផ្នែកសំខាន់មួយដែលរួមចំណែកក្នុងការអប់រំផ្ដល់ចំណេះដឹងដល់សិស្សនៅតាមសាលារៀន ពិសេសការចែករំលែកតាមបែបសាសនា ផ្សារភ្ជាប់ជាមួយតថភាពសង្គមនាពេលបច្ចុប្បន្ន។ P / N