​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការសិក្សា​មួយ​បានបង្ហាញ​ថា ការចំណាយ​ពេល​លើសពី ១០ ម៉ោង​ក្នុង​មួយថ្ងៃ អង្គុយ​នៅ​មុខ​ទូរទស្សន៍ ឬ បើកបរ បង្កើន​ហានិភ័យ​នៃ​ជំងឺ​វង្វេង​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ឱកាស​នៃ​ការវិវត្ត​ទៅរក​ជំងឺ​នេះ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុងចំណោម​មនុស្សពេញវ័យ ដែល​ចំណាយ​ពេល​ភាគច្រើន​ប្រចាំថ្ងៃ​របស់​ពួកគេ​ក្នុង​ទម្លាប់​អង្គុយ​យូរ​។​

​ក្រុម​ស្រាវជ្រាវ​មួយ​មក​ពី​សាកលវិទ្យាល័យ Southern California និង​សាកលវិទ្យាល័យ Arizona បាន​វិភាគ​ទិន្នន័យ​លើ​មនុស្សពេញវ័យ​ជនជាតិ​អង់គ្លេស​ជាង ៥០.០០០ នាក់ ដែល​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​។​

​ពួកគេ​បាន​ពាក់​ឧបករណ៍​នៅ​លើក​ដៃ​របស់​ពួកគេ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​អំឡុង​រយៈពេល​មួយ​សប្តាហ៍​។ ឧបករណ៍​ទាំងនេះ​បាន​ត្រួតពិនិត្យ​កម្រិត​សកម្មភាព និង​អាច​បែងចែក​រវាង​ការ​អង្គុយ​និង​ការ​គេង​។​

​ខណៈពេល​ដែល​ការមើល​ទូរទស្សន៍​ឬ​ការបើកបរ​គឺជា​ទម្លាប់​អង្គុយ​យូរ អ្នក​ផ្សេង​ទៀត​អាច​រួមបញ្ចូល​ការលេង​ហ្គេម​វីដេអូ ការប្រើប្រាស់​កុំព្យូទ័រ ការ​អង្គុយ​នៅពេល​ធ្វើដំណើរ ឬ​ការ​អង្គុយ​នៅ​តុ​ធ្វើការ​។​

​អ្នកចូលរួម​ត្រូវបាន​គេ​តាមដាន​អស់​រយៈពេល​ប្រហែល ៦ ឆ្នាំ ដែល​ក្នុង​អំឡុងពេល​នោះ ៤១៤ នាក់​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​វង្វេង​។​

​ការវិភាគ​បានបង្ហាញ​ថា ការ​អង្គុយ​រយៈពេល ១០ ម៉ោង​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយថ្ងៃ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​នេះ​។​

​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​ចំណាយ​ពេល​អង្គុយ​ជិត ៩ ម៉ោង​ក្នុង​មួយថ្ងៃ អ្នក​ដែល​ចំណាយពេល ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ​អង្គុយ​ស្ងៀម គឺ​ទំនង​វិវត្ត​ទៅ​ជា​ជំងឺ​វង្វេង​ខ្ពស់ជាង ៨ ភាគរយ​។​

​ទន្ទឹមនឹងនេះ​ដែរ អ្នក​ដែល​ចំណាយ​ពេល​អង្គុយ ១២ ម៉ោង​ក្នុង​មួយថ្ងៃ គឺ​មាន​ខ្ពស់ជាង ៦៣ ភាគរយ​ទំនងជា​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​នេះ ខណៈ​អ្នក​ដែល​អង្គុយ ១៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺមាន​ហានិភ័យ​ខ្ពស់ជាង​នេះ​ដល់​ទៅ​៣​ដង​៕

​អង្គុយ​យូរ​លើសពី​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ប្រឈម​កើត​ជំងឺ​វង្វេង ជាពិសេស​មនុស្ស​អាយុ ៦០ ឆ្នាំ​ឡើង​ទៅ