ដោយៈប.ខុន/ភ្នំពេញៈនៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៨ខែកញ្ញាភាគីកម្ពុជាបានស្នើដល់ភាគីឥណ្ឌាឱ្យជួយគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ,គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ,គម្រោងសិក្សាបន្ថែមទឹកក្រោមដីរបស់ស្រុកចំនួនបួននៅក្នុងខេត្តកំពង់ស្ពឺ, ជួយផ្តល់រូបភាពពីផ្កាយរណបដើម្បីជួយដល់ការព្យាករឱ្យមានប្រសិទ្ធភាពជាពិសេសការព្យាករទឹកជំនន់នារដូវវស្សា និង ជួយដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស និងផ្នែកបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យា ទឹកក្រោមដី។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៅក្នុងឳកាសជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយលោកស្រី ឌីវីយ៉ានី ខូប្រាហ្គេត  ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូតនិងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រទាំងសម្ភារនិងថវិកា ជាពិសេសបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹកជាមួយក្រសួងធនធានទឹកនិងឧតុនិយមនាពេលកន្លងទៅ។

លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅនិងសម្តែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំនៃក្រសួងធនធានទឹកនិងឧតុនិយមដែលបានរួមសហការគ្នាយ៉ាងល្អប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួររំលឹកឱ្យដឹងថាចាប់តាំងពីឆ្នាំ២០០៤មក ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងក្រសួងធនធានទឹកនិងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ទាំងតាមរយៈជំនួយឥតសំណងនិងកម្ចីសម្បទានទទួលបាននូវសមិទ្ធផលជាច្រើនដូចជាគម្រោងទិញម៉ាស៊ីនបូមទឹក។គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកស្ទឹងតាសាល ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គម្រោងអភិវឌ្ឍន៍ផែនការមេស្ទឹងសៀមរាប។ គម្រោង សិក្សាទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនៅក្នុងស្រុកចំនួន ២គឺ ស្រុកបរសេដ្ឋ និងស្រុកគងពិសី។បច្ចុប្បន្នក្រសួងធនធានទឹកនិងឧតុនិយមកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ធន ធានទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដោយកំពុងធ្វើសិក្សាលម្អិតគម្រោងឈានទៅចាប់ផ្តើមធ្វើការសាងសងនៅក្នុងឆ្នាំ២០២៤ខាងមុខ៕ P / N