ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖នាយករដ្ឋមន្ត្រីថៃលោកស្រេតថា ថាវីស៊ីន កំពុងសម្លឹងទៅរកអ្នកដំណើរកម្សាន្តលំហែកាយមកពីឥណ្ឌា ក្រោយពីប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានលុបចោលការយកទិដ្ឋាការសំរាប់ភ្ញៀវចិននិងកាហ្សាក់ស្ថានក្នុងអំឡុងពេលទេសចរណ៍មមាញឹកបំផុតនេះ។
លោកស្រេតថា បាននិយាយថា លោកនឹងធ្វើដំណើរទៅឥណ្ឌានៅឆ្នាំនេះ ជាមួយនឹងផែនការជួបសមភាគីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី និងពិភាក្សាអំពីជើងហោះហើរច្រើនឡើងរវាងប្រទេសទាំងពីរ រួមទាំងអំពីសេវាច្រើនឡើងរបស់ក្រុមហ៊ុនអាកាសចរណ៍Thai Airways។
លោកស្រេតថា ថាវីស៊ីន
ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានកាលពីថ្ងៃចន្ទ លោកស្រេតថាបាននិយាយថា« មិនមានជើងហោះហើរចូលមកច្រើនទេពីឥណ្ឌា ។ខ្ញុំសង្ឃឹមថានឹងទៅធ្វើទស្សនកិច្ចឥណ្ឌាមុនចុងឆ្នាំដើម្បីពិភាក្សាអំពីបញ្ហានេះ»។
ថៃក៏អាចពិចារណាវិធានការផ្សេងៗដើម្បីជំរុញការមកដល់នៃទេសចរឥណ្ឌា។វារួមមានការលើកលែងពន្ធលើការនាំចូលគ្រឿងអលង្ការសំរាប់អាពាហ៍ពិពាហ៍តាមបែបប្រពៃណីឥណ្ឌានៅថៃ ដែលជាទីតាំងពេញនិយមសំរាប់ពិធីដូច្នេះ។
ការលើកឡើងរបស់លោកស្រេតថាកើតឡើងមួយសប្តាហ៍ក្រោយគណៈរដ្ឋមន្ត្រីអនុម័តការលើកលែងទិដ្ឋាការបណ្តោះអាសន្នសំរាប់ទេសចរចិននិងកាហ្សាក់ស្ថាននៅមុនរដូវទេសចរចូលមកដល់ខ្លាំងនាចុងឆ្នាំនេះនិងដើមឆ្នាំក្រោយ។
លោកស្រេតថា បានអះអាងថា កម្មវិធីលើកលែងទិដ្ឋាការនេះអាចរកចំណូល៣៥ពាន់លានបាត(១ពាន់លានដុល្លារ)ពីទេសចរចិន។
សូមបញ្ជាក់ថា ថៃកំពុងស្វះស្វែងរកវិធានការជំរុញឧស្សាហកម្មទេសចរណ៍ដែលជាវិស័យជំរុញសេដ្ឋកិច្ចដ៏សំខាន់នៅក្រោយសម័យកូវីដ នៅពេលការនាំចេញបន្តធ្លាក់ចុះ។តាំងពីមុនមកក្នុងឆ្នាំ២០២៣នេះថៃបានទទួលទេសប្រមាណ១៨,៥លាននាក់ និងរហូតដល់ចុងឆ្នាំប្រហែលជាបាន២៨លាននាក់។
គិតមកត្រឹមថ្ងៃ១១កញ្ញា ថៃទទួលចំណូល៧៧៥ពាន់លានបាត( ២១,៧ពាន់លានដុល្លារ)ពីឧស្សាហកម្មទេសចរណ៍។
សូមបញ្ជាក់ថានៅមុនពេលផ្ទុះកូវីដ១៩ នៅឆ្នាំ២០១៩ថៃទទួលទេសចរបរទេសដល់ទៅ៤០លាននាក់៕