ដោយ: បូកគោ / កំពត៖ វិស័យអប់រំ និងវិស័យសុខាភិបាល មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កូនចៅប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹង និងសាធារណជនទូទៅ ឱ្យមានសុខភាពមាំមួន សម្រាប់ជីវិតប្រចាំថ្ងៃ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការតាមមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ វិស័យ ២ ដែលសំខាន់ជាងគេ ក្នុងការបម្រើប្រជាពលរដ្ឋមូលដ្ឋាន ជាចម្បងគឺ វិស័យអប់រំ និងវិស័យសុខាភិបាល។ អប់រំ ជាវិស័យអាទិភាពមួយ ដែលមាន តួនាទីអប់រំ ផ្តល់ចំណេះដឹង ជូនកូនចៅប្រជាពលរដ្ឋ ឱ្យបានដឹង អំពីប្រវត្តិសាស្ត្រ អក្សរសាស្ត្រ សុជីវធម៌ គុណធម៌ ក៏ដូចជា ការបណ្តុះនូវផ្នត់គំនិតកត្តញ្ញូ ស្គាល់គុណទោស និងចេះតបស្នង។ ដូច្នេះ មន្ត្រីអប់រំទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ពិសេសប្រធានមន្ទីរ ត្រូវចុះពិនិត្យមើលការលក់ដូរនំចំណី នៅតាមបណ្តាសាលារៀនទូទាំង ខេត្ត ដើម្បីណែនាំឱ្យបញ្ចៀសនូវការលក់ដូរនំចំណី ដែលក្រសួង បានហាមឃាត់។
លោកអភិបាលខេត្ត បានបន្តថាៈ ចំពោះវិស័យអាទិភាពទី២ ក្នុងនាមជាអ្នកផ្តល់សេវា សុខាភិបាល ត្រូវយកចិត្តទុកដាក់ ពីអាយុជីវិតពលរដ្ឋជាធំ ធ្វើយ៉ាងណា ជួយសង្គ្រោះអ្នក ជំងឺ ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវគិត ពីប្រយោជន៍ផ្ទាល់ខ្លួន ជាធំនោះឡើយ។ ម្ល៉ោះហើយ គ្រូពេទ្យទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិ បាល ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជៀសវាងការប្រើប្រាស់ពាក្យសម្ដី មិនសមរម្យ ណាមួយទៅកាន់អ្នកជំងឺដាច់ខាត៕ V / N