ដោយ៖ដេប៉ូ/ភ្នំពេញ៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅថ្ងៃទី១៧ ខែកញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍ដើម្បី​អបអរសាទរ​ក្រោយការសម្រេចចុះបញ្ជីប្រសាទកោះកេររបស់ខ្មែរ​ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៤៥នៅប្រទេសអាប៊ីសាអូឌីត។

តាមរយៈហ្វេសប៊ុក ក្រសួងលើកឡើងថា ជោគជ័យនៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀតបន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជី​បេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២  ២០០៨ និងឆ្នាំ២០១៧។ 

ទន្ទឹមនឹងនេះ ក្រសួងក៏បានគូសបញ្ជាក់ពីមហាទិគុណថ្វាយ​ដល់​ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីដែលបានខិតខំតស៊ូព្យាយាម​រៀបចំឯកសារចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននៅ​លទ្ធផលជាស្ថាពរជូនប្រទេសជាតិមាតុភូមិ។

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការកសាង​ប្រាសាទកោះកេររបស់ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកនៅសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្អឯក និងជាអរិយធម៌​ដ៏ចំណាស់ដែលជាអត្តសញ្ញាណជាតិប្រកបដោយក្តីមោទនសម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់។

សូមបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ​យូណេស្កូ បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៤៥ នៅទី​ក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីម៉ោង១២:១៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១:២៨នាទីនៅរាជធានីភ្នំពេញ​ក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕សរន / N