ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចុះជួបសំណេះសំ ណាលជាមួយកម្មករនិយោជិតចំនួន ១៨,១០៤ នាក់ក្នុង​នោះក៏មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ មកពីរោងចក្រសហគ្រាសចំនួន១៨ដែលមានមូលដ្ឋាននៅក្នុងស្រុក បាទីខេត្តតាកែវ ។ រោងចក្រសហគ្រាសទាំង១៨នេះជាប្រភេ ទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១៣ , ផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២, ដេរស្បែកជើងចំនួន ២ និងបោកគក់សម្លៀកបំពាក់ចំនួន ១។

បច្ចុប្បន្ន​ខេត្ត​​តាកែវមានរោងចក្រសហគ្រាសចំនួន២៣៣ និងមានកម្មករនិយោជិតកំពុងបម្រើការងារសរុប ៦៨.០០០នាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ ២០៩លានដុល្លារអា មេរិកក្នុងមួយឆ្នាំ។ក្នុងនោះរោងចក្រសហគ្រាសក្នុងវិស័យកាត់​ដេរមាន​ចំនួន ៦៦ផ្តល់ការងារជូន​កម្មករនិយោជិតសរុបប្រ មាណ ៥៨.០០០នាក់ផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លាន​ដុល្លារក្នុង​មួយឆ្នាំ ។ខេត្តតាកែវឈរនៅលំដាប់ទី៤ ជាខេត្តមានការ​អភិវឌ្ឍ​​រោង​ចក្រសហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្ត​កណ្តាល។

គួរបញ្ជាក់ថានេះជាលើកទី៤ ហើយដែលសម្តេចធិបតី បានអញ្ជើញចុះជួបកម្មករ និយោជិត នៅតាមរោងចក្រក្នុងបណ្តាខេត្តនិរាជធានីភ្នំពេញ ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែ សីហានៅតំបន់ព្រៃស្ពឺ រាជធានី​ភ្នំពេញមានកម្មករនិយោជិតចូលរួមចំនួន១៨,០១៣នាក់,លើកទី២ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០២៣ នៅក្រុងតាខ្មៅខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់ និងលើកទី៣ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣ នៅស្រុកសំរោង ទងខេត្តកំពង់ស្ពឺមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់។

ក្នុងជំនួបកន្លងទៅនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាព​ចំនួន​​៦ ទៅក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាព​ខ្ពស់​ក្នុង​​ឆ្នាំ​២០២៣​នេះ ការងារ​ទាំង៦នោះ​រួម​មាន៖

១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈ​វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាឱ្យបាន មុន​ពេល​ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

២៖រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ដើម្បីត្រៀមដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិតនិងក្រុមគ្រួសារឱ្យ​បានលឿននិងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិតព្រម ទាំងបង្កើត​យន្ត​ការ​ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់​យុវជន​មក​ពី​គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ១.៥លាន នាក់និង​សម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារដោយ ត្រូវរៀបចំវគ្គ​បណ្តុះ​បណ្តាលនៅវេនពេលយប់ឬចុងសប្ដាហ៍។

៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប​តាមច្បាប់ស្តីពី​ការ​ងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំ​ជំនាញ​ឡើង​វិញដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ច​ក្នុងការបណ្តុះបណ្តាល​កម្មករ​ និយោជិតនិងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិត ដែលកំពុ ងធ្វើការដើម្បីលើក​កម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះទាំងមុន​ពេល​សម្រាល​កូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមាន​ភាព​ងាយ​ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព​បានចេញ​ធ្វើការមុន ១៥នាទី។

៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍លើការងារអាទិភាព​ចំនួន​៤ទៀតរួមមាន៖

១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជកនិងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាននិងមត្តេយ្យ សហគមន៍នៅតាមតំបន់ដែលមានរោងចក្រដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់​ព័ន្ធ​នានា។

២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោង​ចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិតនិងតម្រូវឱ្យមាន ការរៀបចំ​កន្លែង​ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។

៣៖សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រនិងលើកទឹកចិត្តឱ្យមានការ​ផ្លាស់ប្ដូរជា​បណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុក​ភាពជាងមុនត្រឹមឆ្នាំ២០២៧។

៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញដែលជាឱកាសសម្រាប់កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយដើម្បីបង្ហាញពីសមត្ថ ភាពនិងកម្រិតជំនាញរបស់ខ្លួន ៕