ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វេបសាយ Politico បានដកស្រង់សម្តីតំណាងពាណិជ្ជកម្មអ៊ុយក្រែន លោក ថារ៉ាស់ កាច់ឆ្កា (Taras Kachka) ដែលនិយាយនៅក្នុងបទសម្ភាសន៍មួយផ្សាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនគ្រោងនឹងប្តឹងប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី ជុំវិញការហាមឃាត់កសិកម្មផលរបស់អ៊ុយក្រែន។
ការដាក់កំហិតរបស់សហភាពអឺរ៉ុបកាលពីខែឧសភាបានអនុញ្ញាតឱ្យប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ហាមឃាត់ការលក់ក្នុងស្រុកនូវស្រូវសាលី ពោត គ្រាប់រីប (rapeseed) និងគ្រាប់ផ្កាឈូករ័ត្នរបស់អ៊ុយក្រែន ខណៈអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញទាំងនេះសម្រាប់នាំចេញទៅកន្លែងផ្សេងបាន។
ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រីបានប្រកាសការរឹតបន្តឹងផ្ទាល់ខ្លួនលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិអឺរ៉ុបបានសម្រេចចិត្តមិនបន្តការហាមឃាត់របស់ខ្លួនលើការនាំចូលទៅកាន់ប្រទេសជិតខាងEUចំនួនប្រាំរបស់អ៊ុយក្រែន។
រដ្ឋាភិបាលក្រុងវ៉ាសូវី ក្រុងបាស្ទីស្លាវ៉ា (Bratislava) និងក្រុងប៊ុយដាប៉េស និយាយថា ពួកគេកំពុងធ្វើសកម្មភាពដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ ហើយថាចំណាត់ការរបស់ពួកគេមានគោលបំណងការពារកសិកររបស់ពួកគេពីការផ្គត់ផ្គង់លើសតំរូវការ។
វេបសាយ Politico បានដកស្រង់សម្តីលោកកាច់ឆ្កាថា “វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញថាសកម្មភាពទាំងនេះគឺខុសច្បាប់។ នោះហើយជាមូលហេតុដែលយើងនឹងចាប់ផ្តើមដំណើរការផ្លូវច្បាប់នៅថ្ងៃស្អែក”។
លោកកាច់ឆ្កាបានប្រាប់ Politico ថា អ៊ុយក្រែនក៏អាចដាក់វិធានការតបតលើប៉ូឡូញដែរ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាសូវីមិនទម្លាក់ចោលវិធានការបន្ថែមរបស់ខ្លួន។
Politico បានដកស្រង់សម្តីគាត់ថា “យើងនឹងត្រូវបង្ខំចិត្តសងសឹកលើផលិតផលបន្ថែម ហើយនឹងហាមឃាត់ការនាំចូលផ្លែឈើនិងបន្លែពីប៉ូឡូញ”។
រដ្ឋាភិបាលក្រុងគៀវបាននិយាយរួចហើយថា ខ្លួនអាចស្វែងរកមជ្ឈត្តកម្មអន្តរជាតិជុំវិញការរឹតត្បិតនេះ។
សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យបម្រាមរបស់ខ្លួនផុតកំណត់នៅថ្ងៃសុក្រ បន្ទាប់ពីអ៊ុយក្រែនបាននិយាយថា ខ្លួននឹងចាត់វិធានការរឹតបន្តឹងការគ្រប់គ្រងការនាំចេញទៅកាន់ប្រទេសជិតខាង។
លោកកាច់ឆ្កាបាននិយាយថា រដ្ឋាភិបាលក្រុងគៀវបានត្រៀមខ្លួនជាស្រេចដើម្បី “ទទួលយកការទទួលខុសត្រូវដើម្បីធានាថាការនាំចេញពីអ៊ុយក្រែនមិនបង្កើតរលកយក្សស៊ូណាមីនៅក្នុងប្រទេសជិតខាង” ហើយនឹងដាក់ចេញនូវប្រព័ន្ធអាជ្ញាបណ្ណនាំចេញ “ទាន់ពេលជាក់ស្តែង” សម្រាប់ធញ្ញជាតិ៕
ប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី ហាមឃាត់ការលក់ក្នុងស្រុកនូវស្រូវសាលី ពោត គ្រាប់រីប (rapeseed) និងគ្រាប់ផ្កាឈូករ័ត្នរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ