​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការិយាល័យ​របស់​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​តួ​ក​គី​បាន​អំពាវនាវ​ឱ្យ​លោក អេ​ឡុន ម៉ាស់ ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បង្កើត​រោងចក្រ​នៅក្នុង​ប្រទេស​តួ​ក​គី​ក្នុងអំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក​។​

​ការិយាល័យ​ប្រធានាធិបតី​តួ​ក​គី​បានឱ្យដឹងថា លោក​អឺ​ដូ​ហ្គាន ដែល​កំពុង​នៅ​សហរដ្ឋ​អាម៉េរិក​ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សក្តានុពល​រវាង​ក្រុមហ៊ុន​រុករក​អវកាស​របស់លោក​ម៉ាស់​និង​កម្មវិធី​អវកាស​របស់​តួ​ក​គី​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា លោក​អឺ​ដូ​ហ្គាន​បាន​ប្រាប់​លោក​ម៉ាស់​ថា តួ​ក​គី​នឹង​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​លើ​បញ្ញា​សិប្បនិម្មិត​និង​សេវា​អ៊ីនធឺណិត​តាម​ផ្កាយរណប Starlink របស់​ក្រុមហ៊ុន SpaceX ។ លោក​ម៉ា​ស់បាន​និយាយថា SpaceX ចង់​ទទួលបាន​អាជ្ញា​បណ្ណ​ចាំបាច់​ដើម្បី​ផ្តល់ជូន Starlink នៅក្នុង​ប្រទេស​តួ​ក​គី​។​

​រូបភាព​នៃ​កិច្ចប្រជុំ​បានបង្ហាញ​ថា​លោក​ម៉ាស់​បី​កូន​ប្រុស​ម្នាក់​របស់គាត់ នៅ​ពេល​គាត់​និយាយ​ជាមួយ​លោក​អឺ​ដូ​ហ្គាន​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិជ្ជា​តួ​ក​គី លោក មេ​មេ​ត ហ្វា​ទី កា​សឺ (Mehmet Fatih Kacir) ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ បាន​និយាយថា លោក​ម៉ាស់​បាន​ពណ៌នា​ប្រទេសតួក​គីជា “​បេក្ខជន​ដ៏​សំខាន់​បំផុត​សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន Tesla”​។​

​លោក​បាន​បន្ថែមថា លោក​ម៉ាស់​និង​លោក​អឺ​ដូ​ហ្គាន​ក៏បានពិភាក្សា​អំពី​កម្មវិធី​ដ្រូ​ន​ប្រដាប់អាវុធ​របស់​តួ​ក​គី​ផងដែរ​៕

​លោក​ម៉ាស់​បីកូន​ជួប​លោក​អឺ​ដូ​ហ្គាន​នៅ​បុរី​ញូវយ៉ក​កាលពី​ថ្ងៃអាទិត្យ