ដោយ : ប.ជ័យ / ឧត្តរមានជ័យ: វត្ថុបុរាណចំនួន១.២៤០រូប/ដុំត្រូវបានមន្រ្តីជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តឧត្តរមានជ័យប្រមូលបានពីគ្រប់មជ្ឈដ្ឋានដើម្បីយកមករក្សាទុកនៅក្នុងសារមន្ទីរខេត្តឧត្តរមានជ័យ។នេះបើតាមលោកហង្ស យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តឧត្តរមានជ័យបានឲ្យដឹង។
មន្រ្តីជំនាញឲ្យដឹងកាលពីថ្ងៃទី១៧ខែកញ្ញាថា ក្រោយបានធ្វើការរុករក ប្រមូល អំពាវនាវយកវត្ថុបុរាណ វត្ថុសិល្ប:ដែលមាននៅសេសសល់នៅតាមប្រាសាទ ទួលប្រាសាទ ទួលបុរាណឬប្រភពទីរក្សាទុកឬមានវត្តមានផ្សេងទៀតពីទីជិតឆ្ងាយ.ដែលរងការបាក់បែកខូចខាតដើម្បីយកមករក្សាទុកចុះបញ្ជីសារពើភណ្ឌវប្បធម័បានចំនួន១.២៤០រូប/ដុំ។ បើតាមការវិភាគ វាយតម្លៃ ចំនួននេះអាចស្មើ៧០ភាគរយនៃវត្ថុបុរាណដែលនៅដាច់ពីប្រាសាទនិងរាយប៉ាយនៅក្នុងខេត្ត ។
ប្រភពនៃវត្ថុបុរាណផ្សេងៗគ្នាដែលគួរកត់សម្គាល់រួមមានមកពី :ទីតាំងវត្តប្រាសាទទំនប់ចាស់ វត្តអូរស្មាច់ វត្តតាមាន់សែនជ័យ វត្តគូរ វត្តប្រាសាទរាជាសំរោង វត្តគោកប្រាសាទទឹកជុំ វត្តគោកឪឡោក វត្តបេង វត្តបុរីប្រាសាទជ័យ វត្តចេកក្បូរ វត្តត្រពាំងប្រាសាទខាងត្បូង ជាដើម ។
ជាមួយគ្នានោះដែរ មន្ទីរក៏អំពាវនាវដល់មន្ត្រីរាជការ កងកម្លាំង សាធារណជន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ ប្រសិនប្រទះឃើញវត្ថុបុរាណ សូមមេត្តាជួយផ្តល់ដំណឹងមកអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដើម្បីយកមករក្សាទុកជាសម្បត្តិបេតិភណ្ឌជាតិនៅសារមន្ទីរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត ៕សរន / N