ដោយបាយ័ន/សៀមរាប៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)  បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat)  ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះ​សត្វព្រៃភ្នំតាម៉ៅយកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង នឹងធ្វើដោះលែងចូលទៅ​ក្នុងព្រៃធម្មជាតិ​នៃឧទ្យាន​អង្គនៅ​ពេល​ខាងមុខ។

អាជ្ញាធរជាតិអប្សរាបានប្រកាសឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញាថា តាមរយៈគម្រោងដោះលែងសត្វព្រៃ​កន្លងមក​គម្រោងនេះទទួលបានជោគជ័យ ក្នុងការដោះលែងសត្វព្រៃ ជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូន​បានចំនួន៧ក្បាល), សត្វឈ្លូស(Red muntjac) ចំនួនប្រាំមួយក្បាល ,​សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល, សត្វសំពោច​ក្រអូប(Common palm civets) ចំនួនប្រាំពីរក្បាល ,សត្វភេខ្លួន​រលោង(Smooth-coated otter) ចំនួនប្រាំបីក្បាល(កើតកូនបាន​ចំនួន៥ក្បាល) ,សត្វឆ្មាដាវ(Leopard Cat) ចំនួនពីរក្បាល ,​កេងកងតូច​​(Oriental Pied Hornbill) ចំនួនប្រាំពីរក្បាល  ,កេងកងធំ(Great Hornbill) ចំនួនប្រាំមួយក្បាល ,ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល សត្វអន្សង(Common Water Monitor) ចំនួន១ក្បាល និងសត្វផ្សេងៗ មួយចំនួន​ទៀត ដែលមកដល់ឥឡូវសត្វទាំងអស់ នេះនៅតែមានវត្តមាន នៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់​តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ប្រភពដដែលបន្តថា ដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅ​ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួន បន្ថែមទៀត អាជ្ញាធរជាតិ​អប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវ ជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះ​ទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ បញ្ឈប់​ការដាក់អន្ទាក់​សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឱ្យសត្វទាំងនោះ៕សរន / N