ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជនជាតិអាម៉េរិកប្រាំនាក់ ដែលត្រូវបានឃុំខ្លួនអស់ជាច្រើនឆ្នាំក្នុងប្រទេសអ៊ីរ៉ង់ បានដើរចេញពីយន្តហោះនិងទទួលបានសេរីភាពកាលពីថ្ងៃចន្ទ ជាផ្នែកនៃកិច្ចព្រមព្រៀងដែលមានហានិភ័យផ្នែកនយោបាយខ្ពស់ ដែលឃើញលោកប្រធានាធិបតី ចូ បៃដិន យល់ព្រមចំពោះការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលបង្កកជិត ៦ពាន់លានដុល្លារនៅក្នុងប្រទេសទីបី គឺកូរ៉េខាងត្បូង។
ការចរចាប្រកបដោយជោគជ័យសម្រាប់សេរីភាពរបស់ជនជាតិអាម៉េរិកបានធ្វើឱ្យលោកបៃដិនទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែត្រូវបានដុតកម្តៅពីគូប្រជែងប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនិងគូប្រជែងផ្សេងទៀតសម្រាប់ការរៀបចំចាត់ចែងរូបិយវត្ថុជាមួយសត្រូវកំពូលរបស់អាម៉េរិក។
លោកបៃដិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយខណៈយន្តហោះដឹកជនជាតិអាម៉េរិកពីទីក្រុងតេអេរ៉ង់ចុះចតក្នុងទីក្រុងដូហា ប្រទេសកាតាយ៉ាងដូច្នេះថា “ថ្ងៃនេះ ជនជាតិអាម៉េរិកស្លូតត្រង់ចំនួនប្រាំនាក់ ដែលត្រូវបានចាប់ដាក់គុកនៅក្នុងប្រទេសអ៊ីរ៉ង់ ទីបំផុតបានត្រឡប់មកផ្ទះវិញហើយ។ យន្តហោះដែលដឹកជនជាតិអាម៉េរិកទៅផ្ទះវិញ ត្រូវចុះចតនៅយប់ថ្ងៃចន្ទ”។
ប្រធានាធិបតីអ៊ីរ៉ង់លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ដែលកំពុងត្រៀមសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានលើកថាការដោះដូរកាលពីថ្ងៃចន្ទអាចជា “ជំហានមួយក្នុងទិសដៅនៃសកម្មភាពមនុស្សធម៌រវាងយើងនិងអាម៉េរិក”។
លោករ៉ៃស៊ីបានប្រាប់អ្នកកាសែតថា “វាពិតជាអាចជួយក្នុងការកសាងទំនុកចិត្ត”។
ទោះយ៉ាងណា ភាពតានតឹងនៅតែមានកម្រិតខ្ពស់រវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់ ដែលជាប់គាំងនៅក្នុងជម្លោះជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេអេរ៉ង់និងបញ្ហាផ្សេងៗទៀត។ អ៊ីរ៉ង់និយាយថា កម្មវិធីនេះមានសន្តិភាព ប៉ុន្តែឥឡូវនេះពួកគេបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកាន់តែជិតដល់កម្រិតសព្វាវុធ៕
ជនជាតិអាម៉េរិកទាំង៥ត្រូវបានដឹកតាមយន្តហោះមកទីក្រុងដូហាកាលពីថ្ងៃចន្ទ