ដោយៈ ប.ខុន / ភ្នំពេញៈ ភាគីបារាំងសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នឹងមានភាពកាន់ តែល្អប្រសើរបន្ថែមទៀត ហើយរដ្ឋាភិបាលបារាំង នឹងគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ បន្ថែមទៀត តាមការស្នើសុំរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលការសង្ឃឹមបែបនេះ បានបង្ហាញឱ្យឃើញ នៅក្នងជំនួបរវាង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយឯកអគ្គរដ្ឋ ទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឱកាសទទួលជួបលោក Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែមានកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយ មកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកអគ្គរដ្ឋទូត និងលោកស្រី នាយិកានូវយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានដាក់ចេញ នូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវ យុទ្ធសាស្ត្រ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាព ចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឌីជីថល ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។

នៅក្នុងរដ្ឋាភិបាល អាណត្តិទី៧ នេះ លោក ឆាយ ប្ញទ្ធិសែន បានបញ្ជាក់ថាៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួន ចំនួន៤រួមមានៈ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពប្រព័ន្ធផ្លូវ នៅជនបទ ឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទៅដល់ទីជនបទ, កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យ ដោយមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងអប់រំផ្លាស់ប្តូរឥរិយាបថ ឈានទៅបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល (ODF), ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ ផ្សេងទៀត ក្រៅពីមុខរបរកសិកម្ម និងពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវ ក្នុងការបំពេញការងារ ជូនប្រជាពលរដ្ឋ កាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។

លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណា ចក្រកម្ពុជា បានសម្ដែងការអបអរសាទរ ចំពោះលោករដ្ឋមន្ត្រី ដែលទទួលបានសេចក្តី ទុកចិត្ត ពីរដ្ឋសភា នីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រី នៃក្រសួងអភិវឌ្ឍន៍ជនបទ​ក្នុងអាណត្តិថ្មីនេះ។ កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លង ទៅ ដោយមានការជួយកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ក៏ដូចជា ជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា ជាច្រើនផងដែរ។

លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង AFD ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើង ពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និង AFD ហើយសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ កិច្ចសហប្រតិបត្តិការ និងមានភាពកាន់តែល្អប្រសើរបន្ថែមទៀត ហើយរដ្ឋាភិបាលបារាំង នឹងគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទបន្ថែមទៀត តាមការស្នើសុំរបស់ក្រសួង៕/V/r