ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃចន្ទទី១៨កញ្ញាបាននិយាយថា កងកម្លាំងរបស់ខ្លួនបានទម្លុះខ្សែការពាររុស្ស៊ីនៅក្បែរទីប្រជុំជនបាឃ្មុតនៅក្នុងការវាយរុលទៅយឺតៗតែរឹងមាំរបស់កងកម្លាំងអ៊ុយក្រែន នៅមុនប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គីថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ។
លោកហ្សេឡេនស្គី ទៅដល់ក្រុងញូវយ៉កសំរាប់ចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ
លោកហ្សេឡេនស្គី បានទៅដល់ទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ នៅមុនលោកឡើងថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនិងជួបសមភាគីអាម៉េរិក ចូ បៃដិន។លោកបាននិយាយបង្ហោះក្នុងបណ្តាញសង្គមថា «ខ្ញុំអរគុណអាម៉េរិកចំពោះការគាំទ្រការតស៊ូរបស់យើងសំរាប់សេរីភាពនិងឯករាជ្យភាព»។
រដ្ឋាភិបាលទីក្រុងគៀវបាននិងកំពុងបើកយុទ្ធនាការវាយដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញចាប់តាំងពីខែមិថុនា ដោយផ្តោតលើទីក្រុងបាឃ្មុតនៅតំបន់ដូណិតសខ៍ភាគខាងកើត ព្រមទាំងចំណុចជាច្រើននៅខាងត្បូងឆ្ពោះទៅកាន់គ្រីម៉េ ក្រោយស្តុកទុកគ្រឿងសព្វាវុធលោកខាងលិចនិងបណ្តុះបណ្តាលបង្កើតទាហានជាច្រើនកងពលមក។
ការរុលទៅមុខមានកំរិតរបស់វាលើបណ្តាទីតាំងខ្សែត្រៀមរុស្ស៊ី បាននាំអោយបានការជជែកពិភាក្សាក្នុងចំណោមសម្ពន្ធមិត្តលោកខាងលិចអំពីយុទ្ធសាស្ត្រយោធា។តែកាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអ៊ុយក្រែនបានអះអាងថា ខ្លួនបានដណ្តើមបានមកវិញទឹកដីប្រាំពីគីឡូម៉ែត្រក្រឡាកាលពីសប្តាហ៍មុននៅក្បែរបាឃ្មុតនិងក៏នៅតាមខ្សែត្រៀមភាគខាងត្បូង។
មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនបានប្រកាសថា« ការប្រយុទ្ធគ្នានៅបន្តនៅក្នុងតំបន់បាឃ្មុត។ជាលទ្ធផល កងទ័ពយើងទទួលបានជោគជ័យ ខ្សែការពាររបស់សត្រូវ ត្រូបានទម្លុះ»។
វាបានកើតឡើងក្រោយអ៊ុយក្រែនប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានដណ្តើមបានមកវិញភូមិពីរនៅខាងត្បូងបាឃ្មុត៕
សមរភូមិបាឃ្មុតជាទីតាំងប្រយុទ្ធផ្តាច់ផ្តិលជីវិតមនុស្សនិងយូរជាងគេនៅក្នុងអំឡុងពេលប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន