ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាការិនីជីជីតស៊ូ ដ៏ល្បីល្បាញរបស់កម្ពុជា ខាន់ ចេសា នឹងមិនមានវត្តមាន ក្នុងការប្រកួតកីឡាអាស៊ីលើកទី១៩ នៅ Hangzhou នាពេលខាងមុខនេះឡើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថាៈ កីឡាការិនីជឺជីតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា ម្ចាស់មេដាយមាស កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មិនបានចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន នោះទេ។
លោកបានបន្តថាៈ ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night14 នៅលើសង្វៀន ONEChampionship នៅប្រទេសសិង្ហបុរី នាចុងខែនេះផង ទើបធ្វើឲ្យនាងខកខាន ចូលរួមប្រកួតការពារ មេដាយមាស កីឡាអាស៊ី នៅប្រទេសចិន។ នៅថ្ងៃទី៣០ ខែកញ្ញានេះ នាងនឹងត្រូវប្រកួត ដណ្ដើម ខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី។
លោក វ៉ាត់ ចំរើន បានសម្ដែងការសោកស្ដាយ ដែលកីឡាការិនី ខាន់ ចេសា មិនបានចូល រួមប្រកួត (Asian Games) ដោយសារតែមានបញ្ហាសុខភាព ក៏ដូចជា ការប្រកួត ជាន់គ្នា កៀកពេក នឹងការប្រកួត នៅ ONE Championship នៅសិង្ហបុរី។ ប៉ុន្ដែនេះជាការសម្រេចចិត្ត របស់សាមីខ្លួនផ្ទាល់ មិនមានអ្វីប៉ះពាល់ដល់ការងារ ឬដំណើរការនៃការចូលរួមនោះទេ គ្រាន់តែយើងមានការសោកស្ដាយ ដែលមិនបាន កីឡាការិនីល្អរបស់យើង ចូលរួមប្រកួត នៅពេលនេះ ។
សូមបញ្ជាក់ថា កីឡាការិនីកូនកាត់ ៣ សាសន៍ ខាន់ ចេសា បានចូលរួមប្រកួតកីឡាអាស៊ី លើកដំបូង កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ដោយដណ្ដើមបានមេដាយមាស មុនបន្ដដំណើរយកបាន មេដាយមាសកីឡាស៊ីហ្គេម ២ សម័យកាល ក្នុងឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
លោក វ៉ាត់ ចំរើន បានបន្ថែមថាៈ ពេលនេះ យើង ប៉ុន្ដែយើងនៅតែជំរុញប្រភេទកីឡា ផ្សេងៗ សម្រាប់ប្រកួតកីឡាអាស៊ី នាពេលខាងមុខ ឲ្យខិតខំអស់ពីសមត្ថភាព ។ យើងដឹងហើយថា កីឡាដែលឈានដល់កម្រិតពិភពលោករបស់យើង មិនត្រូវបាន ម្ចាស់ផ្ទះ ដាក់ក្នុងការប្រកួតខ្លះ ដូចជាម៉ូតូទឹកជាដើម។ យើងចង់បានរក្សានូវតម្លៃ នៃការប្រកួតមុនៗ និងចង់ឲ្យកម្រិតបច្ចេកទេស គុណផលកីឡាករ-កីឡាការិនីរបស់យើង ឲ្យបានល្អប្រសើរ បន្ទាប់ពីស៊ីហ្គេម៕/V/r