ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វេលាម៉ោងជាង ១១ យប់ថ្ងៃទី១៨ កញ្ញា ក្រុមប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា បានត្រឡប់មកពីចូលរួម ព្រឹត្តិការណ៍ប្រកួតជើង ឯកអាស៊ី លើកទី៨ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី វិញហើយ។
នេះជាការប្រកួតលើប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic Gymnastic) ដែលមានប្រទេសចំនួន១៤ ក្នុងទ្វីបអាស៊ីចូលរួម។ សម្រាប់កម្ពុជា មានប្រតិភូចំនួន ១១ រូប ចូលរួម ដែលដឹកនាំដោយលោក ណយ ផាណា ជាអគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹក ក្រៅពីនោះអមដោយគ្រូជំនួយ ២ រូប កីឡាការិនី ៧ រូប និងកីឡាករ មួយរូប។
កម្ពុជាដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Senior Trio (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និងកីឡាការិនី ឌឹម អ៊នធីតា និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសាឯកត្ដជននារី ដោយកីឡាការិនី សួស ស្រីពៅ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចូលរួមអបអរ ចំពោះជោគជ័យនេះ។
លោក ណយ ផាណា បានបញ្ជាក់ថាៈ ការប្រកួត ពិតជាតឹងតែង ព្រោះនេះជាកម្រិត អាស៊ី តែមកដល់សម័យនេះហើយ យើងមិនអាចនិយាយបានថា ទៅប្រកួតដើម្បីដក ស្រង់បទពិសោធន៍ដូចមុនបានទេ។ យើងត្រូវដាក់គោលដៅច្បាស់លាស់ថា យើងចេញ ទៅដណ្ដើមមេដាយ ទោះជាមេដាយកម្រិតណាក៏ដោយ ក៏វាជាមោទនភាពរបស់ យើងដែរ។
នេះជាលើកដំបូងហើយ ដែលកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយមាស កម្រិតជើងឯកអាស៊ី ។ ជោគជ័យនេះ កើតឡើងដោយសារការប្ដេជ្ញាចិត្ត របស់ក្រុមការ ងារ គ្រូនិងកីឡាករ កីឡាការិនី ទោះមិនស្ថិតក្នុងការប្រមូលផ្ដុំ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ស៊ីហ្គេម តែទាំងអស់គ្នា បានពុះពារ និងព្យាយាមហ្វឹកហាត់បន្ដ ពិសេសដោយមានការ យកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ទេសរដ្ឋមន្ដ្រី ថោង ខុន ដែលជាប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទើបក្រុមកីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជា មានឱកាសចូលរួមប្រកួតជើងឯកអាស៊ី និងទទួលបានសមិទ្ធផល ល្អប្រសើរបែបនេះ។
បន្ទាប់ពីបញ្ចប់បេសកកម្ម ខាងលើ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ត្រៀមចូលរួមការ ប្រកួត ក្នុងព្រិត្តិការណ៍កីឡាអាស៊ី នៅថ្ងៃទី២៣ កញ្ញា ២០២៣ នៅទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន បន្តទៀត៕/V/r